ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលី និងពិធីចម្រើនព្រះបរិត្តពុទ្ធជ័យមង្គល ជួសជុលព្រះវិហារវត្តសារាវ័នតេជោ
ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយ ឯកឧត្តម អង្គវង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា, ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចនិងលោកជំទាវ, ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលី និងពិធីចម្រើនព្រះបរិត្ត ពុទ្ធជ័យមង្គល ក្នុងឱកាសដ៏ប្រពៃក្នុងការចាប់ផ្ដើមការងារជួសជុលព្រះវិហារវត្តសារាវ័នតេជោ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីក្រសួងយុត្តិធម៌ ក្រសួងអធិការកិច្ច ក្រសួងធម្មការនិងសាសនា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងអាចារ្យ គណៈកម្មការវត្តសារាវ័នតេជោ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។
គម្រោងជួសជុលព្រះវិហារវត្តសារាវ័នតេជោនេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម អង្គវង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា, ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។ ការងារជួសជុលនេះនឹងត្រូវអនុវត្តដោយមានកិច្ចសហការផ្នែកបច្ចេកទេសយ៉ាងជិតស្និទ្ធជាមួយក្រុមការងារជំនាញអភិរក្ស និងជួសជុលសំណង់បុរាណនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីធានាថា ដំណើរការជួសជុលប្រព្រឹត្តទៅតាមគោលការណ៍ និងបទដ្ឋានបច្ចេកទេសអភិរក្ស ដោយរក្សាបាននូវទម្រង់ សោភណភាព លក្ខណៈស្ថាបត្យកម្ម និងគុណតម្លៃដើមរបស់សំណង់ព្រះវិហារ។ ការផ្ដួចផ្ដើមជួសជុលព្រះវិហារដ៏ចំណាស់មួយនេះ មិនត្រឹមតែមានគោលបំណងពង្រឹងភាពរឹងមាំ និងសុវត្ថិភាពរបស់សំណង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សា ការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌសាសនា វប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្ម សម្រាប់ជាប្រយោជន៍ដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងមនុស្សជំនាន់ក្រោយផងដែរ។
សូមគូសបញ្ជាក់ថា ព្រះវិហារវត្តសារាវ័នតេជោត្រូវបានកសាងឡើងនៅឆ្នាំ១៩១៧។ គិតត្រឹមឆ្នាំ២០២៦ ព្រះវិហារនេះមានអាយុកាល ១០៩ ឆ្នាំហើយ និងជាសំណង់សាសនាដ៏ចំណាស់មួយ ដែលមានគុណតម្លៃគួរឱ្យកត់សម្គាល់ផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ ព្រះពុទ្ធសាសនា និងស្ថាបត្យកម្ម។ ដូច្នេះ ការជួសជុលដោយផ្អែកលើបច្ចេកទេសអភិរក្សត្រឹមត្រូវ គឺជាការងារចាំបាច់ ដើម្បីធានាបាននូវការរក្សាទុកសំណង់ដ៏មានតម្លៃនេះឱ្យបានគង់វង្សយូរអង្វែងតទៅ៕


