ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះហត្ថលេខា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩

TNM(ខេត្តរតនគិរី)៖ បន្ទាប់ពីឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះហត្ថលេខា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ សម្រេចតែងតាំងលោក លី ឧសភា ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី ហើយបានប្រកាសតែងតាំងចូលកាន់មុខតំណែងជាផ្លូវការកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមាន ឯកឧត្តម ឆាន់ សុផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ស្រាប់តែនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក ជេត ខេមរា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងបានចុះហត្ថលេខា លើដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ សំណុំរឿងព្រហ្មទណ្ឌ លេខៈ ២២៧ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លេខៈ ៩៨៧ អ.យ/២០ ដោយចោទប្រកាន់លោក លី ឧសភា អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែងពីបទក្លែងបន្លំឯកសារជាសាធារណៈ។

បើយោងតាមដីកាលេខ ៩៨៧ អ.យ/២០ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ របស់លោក ជេត ខេមរា  ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា បានឃើញមាត្រាលេខ៤៤ និងមាត្រា១២៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខៈ នសរកម ០៨០៧-០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។ ក្រោយពីបានពិនិត្យឯកសារខាងលើនេះយល់ឃើញថា មានតម្រុយសន្មត់ ឈ្មោះ លី ឧសភា ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ មុខរបរអតីតប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង បច្ចុប្បន្នជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី ជាប់ចោទពីបទ ក្លែងបន្លំឯកសារជាសាធារណៈ។

ក្នុងដីកាបានបញ្ជាក់ពីអង្គហេតុថា ស្មារតីកិច្ចប្រជុំ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ របស់ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងស្ដីពីការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិរបស់ក្រសួងបរិស្ថានរួចមក លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរីយោដីខេត្តស្ទឹងត្រែង រួមជាមួយមន្ទីរបរិស្ថានបានចុះស្រាវជ្រាវអំពីករណីមិនប្រក្រតីនៃកាចេញបណ្ណ ប០១ ដីព្រៃរបស់រដ្ឋ (ក្នុងស្ថានភាពជាដីនៅព្រៃឈរ) ក្នុងទំហំរាប់សិបហិកតា និងច្រើនបណ្ណ ក្នុងភូមិសាស្ត្រដែលធ្លាប់ចេញបណ្ណ ប០១ ក្នុងស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទឹងត្រែង។

ក្រោយចុះស្រាវជ្រាវឃើញថា មានចំនួនបីទីតាំង សរុបចំនួន៥២៨ហិកតា ស្មើនឹងចំនួន ៧៧ក្បាលដី ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងនោះទីតាំងទី១៖ មានចេញបណ្ណមិនប្រក្រតីចំនួន២៦៥ហិកតា មានចំនួន ៣៤ក្បាលដី(ស្មើ ៣៤បណ្ណ) ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ផ្ទៃដីទាំងមូលមានស្ថានភាពជាដីព្រៃក្រាស់ ពុំមានចម្ការដំណាំអ្វីទេ និងស្ថិតក្នុងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ។ បណ្ណកម្មសិទ្ធិនេះចេញនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ដោយលោក លី ឧសភា។ ទីតាំងទី២៖ មានចេញបណ្ណមិនប្រក្រតីទំហុំ៥៦ហិកតា ចំនួន១១ក្បាលដី ស្មើនឹង៣៤បណ្ណ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង។ ស្ថានភាពឈ្មោះម្ចាស់កម្មសិទ្ធករ រវាងទីតាំងទី១ និងទីតាំងទី២ បណ្ណកម្មសិទ្ធិនេះចេញក្នុងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤។ ទីតាំងទី៣ ៖ មានផ្ទៃដីចេញបណ្ណមិនប្រក្រតីទំហំ ២០៧ហិកតា មានចំនួន៣២ក្បាលដី (ចេញបណ្ណចំនួន១៩ក្បាលដី) ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ បណ្ណកម្មសិទ្ធិនេះ ចេញនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ដោយលោក លី ឧសភា។

សរុបសេចក្ដីទៅឃើញថា ស្ថានភាពឈ្មោះម្ចាស់កម្មសិទ្ធិ នៅលើបណ្ណរវាងទីតាំងទី១ ទីតាំងទី២ និងទីតាំងទី៣ មានឈ្មោះដូចគ្នាមួយចំនួន ហើយបណ្ណកម្មសិទ្ធិមិនទាន់មានយន្តការនៅឡើយទេ។ ម្យ៉ាងទៀតក្រុមការងារចុះពិនិត្យ ឃើញឈ្មោះកម្មសិទ្ធិករលើបណ្ណទាំងបីទីតាំង មានភាពប្រទាក់គ្នាគ្រប់ទីតាំង និងមានការបង់លេខក្បាលដី រៀបជាលំដាប់ស្វីត ត្រឹមត្រូវថែមទៀត។ ដូច្នេះទិន្នន័យក្បាលដីចំនួន ៧៧ក្បាលដី ដែលចេញដោយលោក លី ឧសភា អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បច្ចុប្បន្នជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី គឺស្ថិតក្នុងដីគម្របព្រៃឈើរបស់រដ្ឋ ពិតប្រាកដមែន។

ខ្លឹមសារនៃដីកាដដែលបានសង្កត់ធ្ងន់ថា អំពើខាងលើរបស់លោក លី ឧសភា ជាបទល្មើសក្លែងបន្លំឯកសារជាសាធារណៈ ប្រព្រឹត្តនៅភូមិអន្លង់ជ្រៃ និងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ បទប្បញ្ញត្តិដែលចែងឲ្យផ្តន្ទាទោស តាមមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ។

លោក លី ឧសភា ដែលបច្ចុប្បន្ន ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តរតនគិរី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅការិយាល័យរបស់លោកថា ករណីខាងលើនេះមិនពាក់ព័ន្ធនឹងលោកទេ ពីព្រោះកាលចុះហត្ថនោះ លោកនៅជាអនុប្រធានមន្ទីរទេ ហើយករណីនេះក៏បានធ្វើរបាយការណ៍ជូនទៅក្រសួងរួចរាល់ហើយដែរ។

ដោយឡែកលោក ជេត ខេមរា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែងបានឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះថា លោកមិនអាចនិយាយតាមទូរស័ព្ទបានទេ ក្នុងរឿងនេះ។ ប៉ុន្តែលោកបញ្ជាក់ថា បើទោះជាយ៉ាងណា តុលាការខេត្តស្ទឹងត្រែង បើកលើអង្គហេតុដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើលោក លី ឧសភា អតីតប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង បច្ចុប្បន្នប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតនគិរី ពីបទក្លែងបន្លំឯកសារជាសាធារណៈ ប្រព្រឹត្តនៅភូមិអន្លង់ជ្រៃ និងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០២ ខែតុលាឆ្នាំ២០១៤ បទប្បញ្ញត្តិដែលចែងឱ្យផ្ដន្ទាទោស តាមមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ៕

   

អត្ថបទដែលជាប់ទាក់ទង