កងទ័ពថៃបង្កវិនាសកម្មលើជនស៊ីវិលរបស់កម្ពុជា បាញ់ផ្លោងកាំភ្លើងធំចូលភូមិឋាន បំផ្លាញផ្ទះ និងសាលារៀន, ពលរដ្ឋចាកចោលផ្ទះសម្បែង សាលារៀនត្រូវបានបិទទ្វារ
(ឧត្តរមានជ័យ)៖ ភូមិអូរពក និងគោកប្រាសាទ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាភូមិឋានរបស់ប្រជាពលរដ្ឋកម្ពុជា បានរងនូវវិនាសសកម្មយ៉ាងធ្ងន់ធ្ងរព្រោះសកម្មភាពឈ្លានពានរបស់ទាហានថៃ។ រវាងថ្ងៃទី២៤ និង២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមទាហានឈ្លានពានថៃ បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំរាប់រយគ្រាប់ចូលក្នុងភូមិឋានទាំងនេះ។
នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឆ្លៀតពេលស្ងាត់សន្ធឹកនៃការបាញ់ផ្លោងកាំភ្លើងធំពីសំណាក់ទាហានឈ្លានពានថៃនោះ ក្រុមអ្នកសារព័ត៌មានរបស់ Fresh News បានឆ្មក់ចូលទៅក្នុងភូមិឋានទាំងពីរនេះ ដើម្បីផ្តិយករូបភាពនានាបង្ហាញភស្តុតាងនៃការបំផ្លិចបំផ្លាញបណ្តាលមកពីអានុភាពគ្រាប់កាំភ្លើងធំរបស់ទាហានឈ្លានពានថៃ។
ក្នុងភូមិអូរពក និងគោកប្រាសាទ ដែលជាភូមិឋានធ្លាប់តែអ៊ូអរប្រែជាស្ងាត់ជ្រងំ ផ្ទះសម្បែងទាំងអស់ត្រូវបានបិទទ្វារ ហើយប្រជាពលរដ្ឋក៏ត្រូវចាកចោលផ្ទះសម្បែង ដើម្បីគេចពីទម្ងន់គ្រាប់កាំភ្លើងធំរបស់ទាហានឈ្លានពានថៃ។ សាលារៀន ដែលធ្លាប់បើកទ្វារផ្តល់ការសិក្សារៀនសូត្រដល់កូនចៅប្រជាពលរដ្ឋ ក៏ត្រូវបានបិទទ្វារផងដែរ។
នៅក្នុងភូមិឋានទាំងពីរនេះ បានបន្សល់នូវស្លាកស្នាមរណ្តៅគ្រាប់កាំភ្លើងធំដែលទាហានឈ្លានពានសៀមបាញ់ផ្លោងមកជាច្រើនកន្លែង។ ក្នុងនោះមានគ្រាប់ខ្លះមិនទាន់ផ្ទុះនៅឡើយ។ បន្ថែមពីលើនោះ នៅសាលាបឋមសិក្សាគោកប្រាសាទ បានស្លាកស្នាមគ្រាប់កាំភ្លើងធំពីរគ្រាប់ ដែលទាហានឈ្លានពានថៃបាញ់ផ្លោងចោលនោះ ក៏បានបន្សល់ទុកនៅទីនោះផងដែរ។
ក្រៅពីរណ្តៅគ្រាប់ដែលបានបន្សល់ទុក, ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នង ក៏បានរងការខូចខាត បាក់បែក ធ្លុះធ្លាយ ដោយសារតែកម្លាំងគ្រាប់កាំភ្លើងធំរបស់ទាហានឈ្លានពានថៃផងដែរ។
ទង្វើឈ្លានពានរបស់ទាហានថៃ បាននាំមកនូវទុក្ខលំបាកវេទនាយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋខ្មែរ ជនស៊ីវិល រួមទាំងព្រះសង្ឃផង ត្រូវបានជម្លៀស។ លើសពីនោះ ជនស៊ីវិលជាច្រើននាក់ បានរងរបួស និងស្លាប់បាត់បង់ជីវិតផងដែរ។ នេះជាវិនាសកម្ម បង្កឡើងដោយភាពព្រៃផ្សៃ និងអមនុស្សធម៌បំផុតរបស់យោធាថៃ៕ សម្រួលផ្សាយដោយ ទៀង បុណ្ណរី