រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១ របស់ការិយាល័យទំនាក់ទំនងព្រំដែនច្រកទ្វារអន្តរជាតិចាំយាម(BLO)

TNM(ខេត្តកោះកុង)៖ថ្ងៃសុក្រទី៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក សំឃិត វៀន អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង ប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនច្រកទ្វារអន្តរជាតិចាំយាម(BLO) តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានទទួលស្វាគមន៍ប្រតិភូ ដឹកដោយលោកជំទាវឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីប្រជុំត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តការងារ ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១ របស់ការិយាល័យទំនាក់ទំនងព្រំដែនច្រកទ្វារអន្តរជាតិចាំយាម( Cham Yeam Border Liasion Office)។
អំពីសភាពការណ៍នៅក្នុងឆ្នាំ២០២០ ការិយាល័យទំនាក់ទំនងព្រំដែន BLO ចាំយាម បានបំពេញការងារតាម តួនាទី និងភារកិច្ច និងការងារប្រគល់ជូនពីថ្នាក់ដឹកនាំបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនោះ កំឡុងត្រីមាសទី១ ការិយាល័យបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅច្រកទ្វារ និងអាជ្ញាធរមូលដ្ឋាន រួមនឹងការិយាល័យទំនាក់ទំនងព្រំដែន BLO ខ្លងយ៉ៃ និងសមត្ថកិច្ចពាក់ព័ន្ធ នៃប្រទេសជិតខាង ដើម្បីបង្ការ បង្ក្រាប ទប់ស្កាត់ការជួញដូរគ្រឿងញៀន និងរុករកឃើញគ្រឿងញៀនខុសច្បាប់ជាច្រើន ជាទីមោទនៈ។
យ៉ាងណាមិញ ចាប់ពីត្រីមាសទី២ ដល់បញ្ចប់ឆ្នាំ ការបំពេញការងាររបស់ការិយាល័យ ជាពិសេសកិច្ចសហប្រតិបត្តិអន្តរជាតិជាមួយប្រទេសជិតខាង ត្រូវបានអនុវត្តដោយអន្លើ និងផ្អាកសកម្មភាពទាំងស្រុង ដោយសារមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំពោះកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធប្រចាំការ នៅច្រកទ្វារអន្តរជាតិចាំយាម ត្រូវបានប្រព្រឹត្តទៅជាប្រចាំ និងយ៉ាងសកម្មចំពោះការត្រួតពិនិត្យការដឹកជញ្ជូនទំនិញឆ្លងដែន ការបង្ការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងការគេចវេសពីការធ្វើចត្តាឡីស័ក របស់ពលករ និងអ្នកដំណើរ ក្នុងបរិបទជំងឺកូវីដ-១៩នេះ។
ការអនុវត្តយន្តការការិយាល័យទំនាក់ទំនងព្រំដែន BLO
ការរៀបចំ និងការប្រព្រឹត្តទៅ
១. ទីតាំង BLOការិយាល័យទំនាក់ទំនងព្រំដែន BLO ចាំយាម មានទីតាំងការិយាល័យបណ្តោះអាសន្នសម្រាប់មប្រើការងារប្រចាំថ្ងៃ ក្នុងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
២. សមាសភាពមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែន BLO
ការិយាល័យទំនាក់ទំនងព្រំដែន BLO ចាំយាម មានសមាភាពចំនួន ១៥រូប ក្នុងប្រធានការិយាល័យ ០១រូប, អនុប្រធាន ចំនួន ០៣រូប( ០១រូប ជាអនុប្រធានអចិន្រ្តៃយ៍) និងមានសមាជិកពីអង្គភាពពាក់ព័ន្ធចំនួន ១១រូបផ្សេងទៀត។
៣. កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងបានសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ នៃប្រទេសជិតខាង ចំនួន ០២លើក។
៤. កិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធប្រចាំការច្រក
បានសហការជាមួយសមត្ថកិច្ចប្រចាំការច្រក ចំនួន ០២លើក។
៥. កិច្ចសហការជាមួយមន្ត្រីជំនាញ (មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន) បានសហការជាមួយសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសចំនួន ០១លើក។
សូមជម្រាបថា ក្នុងបរិបទជំងឺកូវីដ-១៩នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានកំណត់ ទីតាំងចំនួន ០៣ទីតាំង ក្នុងការលើកដាក់ទំនិញឆ្លងកាត់ព្រំដែន គឺទីតាំងទី១ ស្ថិតនៅផ្សារថ្មី ក្នុងភូមិចាំយាម ទីតាំងទី២ ស្ថិតនៅផែស្ងួត ក្នុងតំបន់សេដ្ឋកិច្ចពិសេសចាំយាម និងទីតាំងទី៣ ស្ថិតនៅកំពង់ផែទទួលទិញ-លក់ផលនេសាទ របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ចំពោះដំណើរការផ្ទេរ និងលើកដាក់ទំនិញ គឺត្រូវធ្វើឡើងមិនឲ្យលើសពីរយៈពេល ០៧ម៉ោង ដែលបានកំណត់ដោយភាគីទាំងពីរកម្ពុជា-ថៃ ហើយមានការមន្រ្តីសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងមន្រ្តីចក្តាឡីស័ក ត្រួតពិនិត្យជាប្រចាំ៕
អត្ថបទដែលជាប់ទាក់ទង