រាជធានីភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥៖ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាក្រោមសិក្ខាសាលាស្តីអំពី «ភាពជាដៃគូរវាងវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈ និងឧស្សាហកម្ម» ដែលសហការរៀបចំដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាស្ថានបច្ចេកទេស Bendigo Kangan (BKI) និងគាំទ្រដោយកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ កម្មវិធីទទួលបានការអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងការបិទបញ្ចប់ពិធីសិក្ខាសាលាជាស្ថាពរ។
ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន អ អិម អេ ខេមបូឌា ជាមួយ BKI Group និងក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងរួមចំណែកបង្កើននូវគុណភាពវិស័យអប់រំ ពង្រឹងកម្មវិធីបណ្តុះបណ្តាល អភិវឌ្ឍកម្លាំងពលកម្មជំនាញ និងកសាងមូលធនមនុស្សនៅកម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ជោគជ័យពីប្រទេសអូស្រ្តាលី ការអនុវត្តគំរូបណ្ដុះបណ្ដាលថ្មីដូចជា «កម្មវិធីរកចំណូលបណ្តើរ រៀនបណ្តើរ» (Earn-and-Learn) ដែលផ្ដោតលើការរៀនបន្សំជាមួយនឹងការធ្វើការងារយកបទពិសោធន៍ក្នុងពេលតែមួយ និងតាមរយៈការបង្កើតនូវមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា ហៅកាត់ថា «អេស ខេមបូឌា» ដែលជាថ្នាលបណ្ដុះបណ្ដាលវិជ្ជាជីវៈវិស័យឧស្សាហកម្មយានយន្ត និងជំនាញបច្ចេកទេសឈានមុខគេបង្អស់នៅកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ថ្លែងក្នុងពិធីបិទវគ្គ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងបានគូសបញ្ជាក់ថា មជ្ឈមណ្ឌលនេះនឹងចូលរួមដើរតួនាទីសំខាន់ក្នុងការជំរុញការបង្កើនកម្លាំងជំនាញផ្នែកយានយន្ត សម្រាប់ទាក់ទាញ និងលើកកម្ពស់ការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ស្របតាមចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «កិច្ចសហការរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាល គឺជាកត្តាដ៏មានសារៈសំខាន់ក្នុងការកសាងកម្លាំងពលកម្មជំនាញ ដែលអាចឆ្លើយតបទៅនឹងបម្រែបម្រួលក្នុងពិភពការងារនាពេលអនាគត។» ឯកឧត្តមក៏រំពឹងដែរថា មជ្ឈមណ្ឌលនេះ នឹងក្លាយជាគំរូនៃការបង្កើតមជ្ឈមណ្ឌលឧត្តមភាពលើវិស័យផ្សេងទៀត ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
នាឱកាសនោះដែរ ឯកឧត្តម Derek YIP ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសអូស្រ្តាលី ក្នុងការធ្វើជាដៃគូមួយដ៏សំខាន់ដោយផ្តល់ជំនួយអប់រំក្នុងប្រទេសកម្ពុជា ក្នុងការកសាងការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងឧស្សាហកម្ម និងបានចាត់ទុកមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពជាដៃគូដ៏រស់រវើករវាងរាជរដ្ឋាភិបាល គ្រឹះស្ថានបណ្ដុះបណ្ដាល និងវិស័យឯកជន ក្នុងការធ្វើបរិវត្តកម្មវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងផងដែរថា មជ្ឈមណ្ឌលនេះនឹងជួយឱ្យយុវជនកម្ពុជាត្រៀមខ្លួនសម្រាប់ការចាប់យកបច្ចេកវិទ្យាថ្មីៗក្នុងវិស័យយានយន្ត ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី។ ឯកឧត្តម ក៏បង្ហាញអំពីការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការក្នុងវិស័យយានយន្តនេះ ក៏នឹងចូលរួមជំរុញការអភិវឌ្ឍក្នុងវិស័យផ្សេងៗទៀត នៅកម្ពុជាផងដែរ។
ភ្ជាប់ទៅនឹងសិក្ខាសាលាខាងលើនេះ ក៏មានវេទិកាពិភាក្សា ស្ដីអំពី «សក្តានុពលនៃវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅប្រទេសកម្ពុជា» ដែលទទួលបានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ដៃគូវិស័យឯកជន និងរដ្ឋ។ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាវាគ្មិនមួយរូបផងដែរនោះ បានលើកឡើងពីការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទំនើប ជាពិសេសក្នុងវិស័យឧស្សាហកម្មយានយន្ត ដោយហេតុដូច្នោះហើយទើបតម្រូវឱ្យមានការបំពាក់បំប៉នបំពេញជំនាញបន្ថែមដល់កម្លាំងពលកម្មជំនាញជាប្រចាំ។ លោកបានប្រសាសន៍ថា៖ «គំរូបណ្តុះបណ្តាល Earn-and-Learn នេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ មិនថាក្នុងវិស័យយានយន្ត ឬវិស័យដទៃទៀតនោះទេ ពីព្រោះប្រព័ន្ធកម្មសិក្សាវិជ្ជាជីវៈប្រភេទនេះផ្តល់ឱកាសឱ្យសិស្សនិស្សិតទទួលបានការបណ្តុះបណ្តាល និងការអនុវត្តការងារក្នុងពេលតែមួយ ដែលជំរុញដល់ការបង្កើនប្រសិទ្ធភាព ផលិតភាព ស្របពេលដែលបង្កើតឱកាសការងារដល់យុវជនកម្ពុជា និងបង្កើនប្រាក់ចំណូលបន្ថែមដល់ពួកគេ។» លោកអគ្គនាយកក៏បានសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍជំនាញច្បាស់លាស់ តាមរយៈការបង្កើនជំនាញ និងការបណ្តុះបណ្តាលជំនាញឡើងវិញ មិនចំពោះតែសិស្សនោះទេ ប៉ុន្តែបូករួមនឹងការបង្កើនជំនាញ ធ្វើបច្ចុប្បន្នភាពសមត្ថភាព និងការក្រេបជញ្ជក់នូវចំណេះដឹងថ្មីៗរបស់សាស្រ្តាចារ្យជំនាញដើម្បីផ្ទេរទៅយុវជនជំនាន់ក្រោយផងដែរ។
អំពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក.
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៣ ឆ្នាំ មកហើយចាប់តាំងពីឆ្នាំ១៩៩២ ហើយជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូននូវសេវាកម្មផលិតផលល្បីៗលើពិភពលោក សម្រាប់សហគ្រាសពាណិជ្ជកម្ម និងសហគ្រាសមិនមែនពាណិជ្ជកម្មមានដូចជា៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម័្ពន្ធ ដំណោះស្រាយក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។ល។
ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនដូចជា៖ រថយន្តហ្វដ (Ford) រថយន្ត Land Rover រថយន្ត Jeep និង RAM រថយន្ត Peugeot រថយន្ត ChangAn រថយន្តអគ្គិសនី Deepal សេវាកម្មជួលជុល និងថែទាំរថយន្ត Mercedes-Benz គ្រឿងចក្រធុនធ្ងន់ម៉ាកជេស៊ីប៊ី (JCB) គ្រឿងយន្តកសិកម្មចនឌារ (John Deere) រថយន្តដឹកទំនិញ FUSO រថយន្តផលិត និងក្រឡុកបេតុង AJAX ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត Hako ឧបករណ៍ SATA និងផលិតផលជាច្រើនទៀតផងដែរ។
ទន្ទឹមនឹងការរីកចម្រើននៃអាជីវកម្ម ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្តល់អាទិភាពជាចម្បងដល់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ឱកាសចុះកម្មសិក្សា និងការងារជំនាញដល់និយោជិតក្នុងស្រុក និងនិយោជិតបរទេស ប្រមាណ ៥០០០ នាក់។ ជានិច្ចកាល ក្រុមហ៊ុនតែងតែចូលរួមយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធនានាក្នុងកិច្ចការងារសង្គម ការងារមនុស្សធម៌ និងសប្បុរសធម៌ តាមរយៈសកម្មភាពជាច្រើនក្នុងវិស័យសុខាភិបាល បរិស្ថាន អប់រំ និងកីឡា នៅប្រទេសកម្ពុជា មានដូចជា៖ ការសាងសង់ និងជួសជុលសាលារៀន បណ្ណាល័យ សាងសង់បន្ទប់ទឹកស្អាត សាលាពហុបច្ចេកទេសនានា បរិច្ចាគរថយន្តសង្គ្រោះបន្ទាន់ រថយន្តសម្រាប់ដឹកវ៉ាក់សាំង និងបរិកា្ខរការពារ បរិច្ចាគឈាម និងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានស្អាតតាមរយៈការដាំដើមឈើ និងបរិច្ចាគធុងសម្រាម។ល។ ចប់៕ សម្រួលផ្សាយដោយ ទៀង បុណ្ណរី


