ករណីផ្ទុះអាវុធនៅឆ្នេរអូរឈើទាល សមត្ថកិច្ចចាប់ខ្លួនមនុស្ស៣៥នាក់ និងដកហូតកាំភ្លើងជាង១០ដើម

ភ្នំពេញ៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣៥នាក់ ដែលភាគ​ច្រើន​ជាជនជាតិចិន ភ្លាមៗក្រោយករណីអាវុធយ៉ាងអនាធិបតេយ្យ នៅម្ដុំផ្សារព្រីន នៅ​បណ្តោយឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១១ ខែកញ្ញា។ នេះបើតាម លោក ស រដ្ឋា ស្នងការខេត្តព្រះសីហនុ ថ្លែងប្រាប់សារព័ត៌មានឌីជីថ្មីៗ តាមទូរសព្ទ នៅព្រឹកថ្ងៃទី១២កញ្ញានេះ។

​បើតាមលោក ស រដ្ឋា ក្នុងប្រតិបត្តិការចុះ បង្ក្រាបជនសង្ស័យខាងលើ សមត្ថកិច្ច បានដកហូតកាំភ្លើងខ្លី និងវែង ប្រមាណ១០ដើម។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងសាកសួរជនសង្ស័យទាំង៣៥នាក់ ដើម្បី​រៀប​ចំសំណុំរឿង និងចាត់វិធានការច្បាប់។ នេះបើតាមស្នងការខេត្តព្រះសីហនុ ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះ៖ «យើងកំពុងព្យាយាមស្រាវជ្រាវ រកមូលហេតុនៃការបង្កជម្លោះ​ប្រដាប់អាវុធនេះ ហើយ​តាមការសាកសួរជនសង្ស័យថា ពួកគេឈ្លោះគ្នាដោយសារជំនួញរកស៊ីមិនត្រូវគ្នា ប៉ុន្តែ​ពួកគេ​ហាក់ព្យាយាមលាក់ព័ត៌មានមិននិយាយ ទើបយើងមិនទាន់ច្បាស់ពីមូលហេតុការកើតមានជម្លោះនេះ។»៕

អត្ថបទដែលជាប់ទាក់ទង