ក្រុមហ៊ុន TODAY internet បានចូលរួមយុទ្ធនាការបរិច្ចាគឈាមជាតិក្នុងការគាំទ្របុព្វហេតុមនុស្សធម៌ និងអ្នកស្នេហាជាតិកម្ពុជា។
ក្រុមហ៊ុន TODAY internet ដែលជាក្រុមហ៊ុនផ្តល់សេវាអុីនធឺណិតកម្រិតខ្ពស់នៅកម្ពុជាបាន ចូលរួមដោយមោទនភាពក្នុងយុទ្ធនាការបរិច្ចាគឈាមជាតិនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ស្របតាមការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាផ្នែកមួយនៃការប្តេជ្ញា ចិត្តបន្តរបស់ខ្លួនចំពោះតម្លៃមនុស្សធម៌ សាមគ្គីភាពជាតិ និងការទទួលខុសត្រូវស្នេហាជាតិ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអំពាវនាវយ៉ាងដូច្នេះថា “ក្នុងបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារ បូរណភាពទឹកដីចំពោះសត្រូវឈ្លានពាន សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមបរិច្ចាគឈាម ឱ្យបានច្រើនគ្នាដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៩.០០ ព្រឹក រហូតដល់ម៉ោង ១៧.០០ ល្ងាច នៅកោះពេជ្រ អគារ JKL។” លោក ហ៊ន ម៉ារ៉ុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TODAY internet បាននិយាយថា “ក្រុមហ៊ុន TODAY internet យើងជឿថាស្នេហាជាតិគឺត្រូវបង្ហាញជាសកម្មភាព ហើយតាមរយៈគំនិតផ្តួចផ្តើមផ្តល់ឈាមនេះពួកយើងឈរក្បែរគ្នាជាមួយប្រជាជនកម្ពុជា និងអ្នកការពារដ៏ក្លាហានរបស់យើងនៅជួរមុខ។ គ្រប់ដំណក់ឈាមគឺជានិមិត្តរូបនៃ សាមគ្គីភាព ក្តីមេត្តា និងការគាំទ្ររបស់យើងសម្រាប់ប្រទេសជាតិ។”
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងគោលបំណងដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយក្នុងអំឡុងពេលមានជម្លោះ និងការ សង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ។ បុគ្គលិករបស់ក្រុមហ៊ុន TODAY internet គ្រប់ជាន់ថ្នាក់បាន ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដ៏មានអត្ថន័យនេះ។ សម្រួលផ្សាយដោយ ទៀង បុណ្ណរី