អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ភាគីថៃកំពុងប្រើប្រាស់គ្រាប់បែកចង្កោមមកលើកម្ពុជា ដែលជាការរំលោភលើច្បាប់អន្តរជាតិ និងអមនុស្សធម៌

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានឱ្យដឹងថា ភាគីថៃបានប្រើប្រាស់អាវុធធុនធ្ងន់បាញ់មកលើកម្ពុជា ក្នុងនោះក៏មានការទម្លាក់គ្រាប់បែកពីលើយន្តហោះ ផងដែរ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។
លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា រហូតដល់វេលាម៉ោង ៣:២០នាទី ថ្ងៃទី២៤ ខែកក្កដា ភាគីថៃបានបើកការវាយប្រហារនៅតំបន់ភ្នំំខ្មោច តាថាវ និងភ្នំ៣-៣៣។ នៅវេលាម៉ោង ៥:២៥នាទី ភាគីថៃបានប្រើប្រាស់គ្រាប់បែកចង្កោម វាយប្រហាមកលើតំបន់ភ្នំខ្មោច។ ម៉ោង៥:៣០នាទី ភាគីថៃបានបើកការវាយប្រហានៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។ នៅវេលាម៉ោង ៥:៤០នាទី ភាគីថៃចាប់ផ្តើមវាយប្រហានៅតំបន់មុំបី។ នៅវេលាម៉ោង ៦:៥០នាទី ភាគីថៃបានបាញ់គ្រាប់បែកចង្កោមជាលើកទី២ នៅភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅវេលាម៉ោង ៧:០៣នាទី ភាគីថៃបានបាញ់ចូលនៅតំបន់ជាំតែ។ នៅវេលាម៉ោង ៨:០០នាទី ភាគីថៃបានព្យាយាមវាយដណ្តើមយកប្រាសាទតាក្របីវិញ ប៉ុន្តែកងកម្លាំងរបស់កម្ពុជាបានតស៊ូយ៉ាងស្វិតស្វាញ ប្តេជ្ញាការពារមិនមិនឱ្យចោរឈ្លានពានថៃចូលទឹកដីកម្ពុជាជាដាច់ខាត។
សរុបមកនៅថ្ងៃទី២៥ ខែកក្កដា ភាគីថៃបានព្យាយាមវាយកទីតាំងចំនួន៧ ដែលកម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំនៅលើដែនអធិបតេយ្យភាពរបស់ខ្លួន ដោយទិសទី១មានចំនួន ៥ទីតាំង និងនៅទិសទី៣ មានចំនួន២ទីតាំង។ ក្នុងនោះផងដែរមានការកត់សម្គាល់ ដោយភាគីថៃបានចាប់ផ្តើមប្រើប្រាស់គ្រាប់បែកចង្កោមវាយសន្ទាប់ដោយចេតនា និងខុសច្បាប់មកលើកម្ពុជា។ អំពើឈ្លានពានរបស់ថៃមកលើកម្ពុជាទាំងកំរោលនេះជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម។ ចំពោះការប្រើប្រាស់ប្រភេទអាវុធហាមឃាត់នេះ មិនត្រឹមតែបង្ហាញពីភាពឃោឃៅ និងអមនុស្សធម៌ឈ្លានពានរបស់ថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ជាំងឱ្យឃើញយ៉ាងងាយថា ភាគីថៃមិនបានខ្លាចរអារចំពោះច្បាប់អន្តរជាតិនានានោះទេ។ ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃជាការគំរាមកំហែងយូរអង្វែងដល់ជនស៊ីវិល បរិស្ថាន និងជាឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ ក៏ដូចជាបំផ្លិចបំផ្លាញសន្តិភាព សន្តិសុខក្នុងតំបន់ ផងដែរ។
លោកស្រី ម៉ាលី សុជាតា ក៏បានច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់ព័ត៌មានថៃ ដែលផ្សាយថា ទាហានឈ្លានពានថៃកាន់កាប់វត្តកែវសិក្ខាគិរីស្វរៈ និងប្រាសាទព្រះវិហារ ខណៈទាហានកម្ពុជាកំពុងឈរជើងនៅតំបន់នោះយ៉ាងស្វាហាប់ និងអង់អាចបំផុតមកដល់ពេលនេះ៕  សម្រួលផ្សាយដោយ ​ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង