Today Internet

លិខិតឆ្លើយតបករណីទិញលក់ដីរវាងខ្ញុំបាទលីសងឃាង និង លោក តាន់ ជួរហុង

ខ្ញុំបាទ សេងឃាង សូមធ្វើការបំភ្លឺ ដល់បណ្តាសារព័ត៌មាន និងសាធារណៈជន ឆ្លើយតបទៅនឹងការផ្សាយព័ត៌មាន មិនពិត ពីសំណាក់លោក តាន់ ជួរហុង តាមរយៈបណ្ដាញសារព័ត៌មាននានា តាមលិខិតបំភ្លឺដូចខាងក្រោម៖
នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ខ្ញុំបាទបានចុះកិច្ចសន្យាទិញលក់ដីទំហំ ១៦០ហិកតា ស្ថិតនៅក្នុងភូមិខ្សា ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ពីឈ្មោះ តាន់ ជួរហុង ក្នុងតម្លៃ ១.៥ ដុល្លា/១ មែត្រការ៉េ ជាមួយនឹងលក្ខខណ្ឌទូទាត់ប្រាក់ចំនួន ៧លើក ទៅតាមដំណាក់កាល។ ផ្អែកលើលក្ខខណ្ឌនៃកិច្ចសន្យាលក់ទិញ ខ្ញុំបាទបានទូទាត់ទឹកប្រាក់ទៅលោក តាន់ ជួរហុង បាន ចំនួន៦លើក ស្មើនឹងទឹកប្រាក់សរុបចំនួន១,៥៤០,០០០USD (មួយលានប្រាំសែនបួនម៉ឺនដុល្លារសហរដ្ឋអាមេរិក)។នៅថ្ងៃទី ២៦ ខែ ១១ ឆ្នាំ២០១៩ លោក តាន់ ជួរហុង បានយកលិខិតផ្ទេរសិទ្ធគ្រប់គ្រង និងប្រើប្រាស់ដីធ្លីមួយច្បាប់ដែលមាន លេខ ៨១៦សកស ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ចេញដោយរដ្ឋបាលស្រុក កៀនស្វាយ ដែលមានទំហំ ១០០ហិកតា និង ១៩២៥ម៉ែត ការ៉េមកប្រគល់ជូនខ្ញុំបាទ ពេលនោះលោកតាន់ ជួរហុង បាននិយាយថា ដីនៅសល់ជិត ៦០ហិកតាទៀតកំពុងដោះស្រាយបន្ត ខ្ញុំ ក៏ប្រាប់គាត់ទៅវិញថាអោយគាត់ធ្វើលិខិតប្រគល់ទទួលដីមួយទៀតជូនខ្ញុំបាទ(Land Handover) ដើម្បីអោយខ្ញុំបាទបានទៅធ្វើ ការគ្រប់គ្រងតាមផ្លូវច្បាប់ និងកាយប្រលាយព្រំដី តែលោកតាន់ ជួរហុងមិនព្រមធ្វើទេ បានត្រឹមបញ្ជូនកូនចៅរបស់គាត់ទៅចង្អុល បង្ហាញព្រំដីតែប៉ុណ្ណោះ។
បន្ទាប់មកដោយសារមានការសង្ស័យថាដីខាងលើប្រហែលជាមានភាពមិនប្រក្រតី ទើបលោក តាន់ ជួរហុង មិនព្រមធ្វើលិខិត ប្រគល់ទទួលដី(Land Handover) ជូនមកខ្ញុំបាទ។ ខ្ញុំបាទមានការព្រួយបារម្ភលើការទិញលក់ខាងលើខ្លាចមិនមានដី ដូចនេះ ទើបខ្ញុំសម្រេចចិត្តយកគ្រឿងចក្រទៅលើកប្រឡាយកាយព្រំដី និងធ្វើផ្ទះសម្រាប់យាមដី ទើបដឹងថាមានតតិយជនមកហាមឃាត់ មិនចេះឈប់ឈរជាបន្តបន្ទាប់ដោយអះអាងថាដីនេះជាដីរបស់ពួកគេ មិនមែនជាដីរបស់លោក តាន់ ជួរហុង នោះទេ។ ដោយខ្លាច មានការប៉ះទង្គិចគ្នា រហូតដល់មានការប្រើប្រាស់ហិង្សារប៉ះពាល់ដល់ការខូចខាតគ្រឿងចក្រ ទើបខ្ញុំបាទសម្រេចចិត្តបញ្ឈប់ និង ដកចេញគ្រឿងចក្រទាំងអស់។ បន្ទាប់មកតតិយជន ខាងលើនៅតែមិនព្រមបញ្ចប់ត្រឹមនេះទេ ថែមទាំងបំផ្លាញផ្ទះយាមដីរបស់ខ្ញុំ បាទខូចទ្ទិចគ្មានសល់ ពេលនោះទើបខ្ញុំដឹងថា បុគ្គល តាន់ ជួរហុង បានកុហកខ្ញុំបាទថាគាត់បានដោះស្រាយវិវាទចប់អស់ហើយ ផ្ទុយពីខ្លឹមសារកិច្ចសន្យាទិញលក់ដែលធានាថាដីក្នុងកិច្ចសន្យាជាដីគ្មានវិវាទ។
ចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ខ្ញុំតែងតែទាក់ទងទៅលោក តាន់ ជួរហុង ដើម្បីជួបគ្នាដោះស្រាយបញ្ហាដោយសន្តិ វិធី ករណីមិនមានដីជូនខ្ញុំបាទតាមកិច្ចសន្យា ដោយខ្ញុំបាទទទួលបានតែក្រដាសលិខិតផ្ទេរសិទ្ធិមួយសន្លឹកតែប៉ុណ្ណោះ។ ផ្ទុយទៅ វិញលោក តាន់ ជួរហុង តែងតែគេចវេស មិនចូលខ្លួនដោះស្រាយជាមួយខ្ញុំបាទជាច្រើនលើកច្រើនសារ ទើបមេធាវីខ្ញុំបាទបានចេញ លិខិតជូនដំណឹងជាផ្លូវការលើកទី១ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ និងលើកទី២ នៅថ្ងៃទី០៥ ខែធ្នូរ ឆ្នាំ២០២២ ដើម្បីអោយ លោកចូលរួមដោះស្រាយករណីដីខាងលើ តែជាលទ្ធផលបុគ្គលរូបនេះនៅតែមិនព្រមចូលខ្លួនដោះស្រាយរហូតដល់បច្ចុប្បន្ន។
បុគ្គល តាន់ ជួរហុង បានព្យាយាមផ្តល់ព័ត៌មានមិនពិតទៅឲ្យស្ថាប័នសារព័ត៌មាននានាធ្វើអោយមានការភ័ន្តច្រឡំហើយ បានធ្វើការចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដែលខ្លួនមិនមានដីសូម្បីតែ១ម៉ែត្រការ៉េ ថាបានប្រគល់ដីរួចរាល់ និងបាន អាស្រ័យផលរយៈពេលជាង០៥ឆ្នាំ និងបានលើកឡើងថា ខ្ញុំបាទបានធ្វើការប្តឹងប្រជាពលរដ្ឋ០៩នាក់ នៅអយ្យកាសាលាដំបូងខេត្ដកណ្ដាល ពីបទឆបោក វាមិនមែនជាការពិតទេ គឺខ្ញុំបាទប្ដឹងតែបុគ្គល តាន់ ជួរហុង តែម្នាក់ប៉ុណ្ណោះ ឃើញថាការលើកឡើងរបស់ លោក តាន់ ជួរហុង ធ្វើអោយសាធារណៈជនមានការភ័ន្តច្រឡំតែប៉ុណ្ណោះ ចំណែកការលើកឡើងរបស់គាត់ដែលថា អង្គហេតុ ដែលប្ដឹងនៅអយ្យកាសាលាដំបូងខេត្តកណ្តាល និងអង្គហេតុនៅអយ្យកាសាលាដំបូងរាជធានីភ្នំពេញគឺជាអង្គហេតុតែមួយក៏ជារឿងមិនពិតដែរ អង្គហេតុនៅអយ្យកាសាលាដំបូងខេត្តកណ្តាល គឺជារឿងឆបោកប្រាក់ចំនួន ១,៥៤០,០០០USD (មួយលានប្រាំ សែនបួនម៉ឺនដុល្លារសហរដ្ឋអាមេរិក) ចំណែកអង្គហេតុនៅអយ្យកាសាលាដំបូងរាជនីភ្នំពេញ គឺជាអង្គហេតុ ក្លែងបន្លំ និងប្រើប្រាស់ លិខិតក្លែង ក្លែងបន្លំលិខិតសាធារណៈ និងប្រើប្រាស់លិខិតសាធារណៈ រំលោភលើទំនុកចិត្ត និងសមគំនិត។

យោងតាមទង្វើគេចវេសរបស់លោក តាន់ ជួរហុង ខាងលើ ទើបខ្ញុំបាទសម្រេចចិត្តចាត់វិធានការតាមផ្លូវច្បាប់នៃព្រះរាជា ណាចក្រកម្ពុជា ជាបន្តបន្ទាប់ដើម្បីស្វែងរកយុត្តិធម៌ជូនខ្ញុំបាទ។
ជាចុងក្រោយខ្ញុំបាទ សេងឃាងសូមជម្រាបជូនសាធារណៈជន និងគ្រប់បណ្តាញសារព័ត៌មានទាំងអស់អោយបាន ជ្រាបថា បុគ្គល តាន់ ជួរហុង ជាឈ្មួញដីដ៏ល្បីល្បាញនៅក្នុងតំបន់នោះ ដែលកំពុងដើរតួជាប្រជាជនតូចតាច និងរងគ្រោះក្នុងការ ទិញលក់ដី និងប្រើប្រាស់បណ្តាញសង្គមសារព័ត៌មាន ក្នុងគោលបំណងធ្វើអោយសមត្ថកិច្ចផ្នែកច្បាប់ អាជ្ញាធរ និងសាធារណៈ ជនមានការអាណិតអាសូរថាជាប្រជាជនរងគ្រោះ ហើយខ្ញុំបាទ លី សេងឃាង ដែលជាម្ចាស់ប្រាក់ ១,៥៤០,០០០ USD (មួយ លានប្រាំសែនបួនម៉ឺនដុល្លារសហរដ្ឋអាមេរិក) មិនបានទទួលដីសូម្បីមួយម៉ែត្រការ៉េ ជាអ្នករំលោភបំពានទៅវិញ។
អត្ថបទដែលជាប់ទាក់ទង