ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៥ ប្រព្រឹត្តទៅនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រព្រឹត្តទៅស្ថិតនៅទីព្រះស្រែ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រយៈពេល៤ថ្ងៃ គឺ ចាប់ពីថ្ងៃ១-២-៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២-១៣-១៤ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃប្រារព្ធហោមពិធី និងពិធីតាមរោងមណ្ឌលជាភារកិច្ចរបស់ក្រុមបារគូ ឯថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាផ្លូវការ។

បើតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស និងប្រជារាស្ត្រ ដើម្បីរួមគ្នាថែរក្សានូវព្រះរាជប្បវេណីពីបុរាណរបស់ ព្រះមហាក្សត្រ ឱ្យបានគង់វង្ស។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏មានសារៈសំខាន់ ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាសប្រចាំឆ្នាំ ដោយចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរ ដែលព្រះមហាក្សត្រ គ្រប់ព្រះអង្គ តែងដឹកនាំប្រារព្ធធ្វើពុំដែលខកខានតាំងពីបុរាណកាលរៀងមក។ ជាក់ស្តែងកាលពីសម័យសង្គមរាស្ត្រនិយម ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” កាលព្រះអង្គមានព្រះជន្មគង់នៅ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គសព្វព្រះរាជហឫទ័យយាងច្រត់ដោយផ្ទាល់ព្រះអង្គ នៅតាមបណ្តា រាជធានី ខេត្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្ត កំពង់ស្ពឺ និងខេត្តតាកែវជាដើម។
ចំណេរកាលក្រោយមក ព្រះមហាក្សត្រ ស្តេចពុំបានយាងច្រត់ព្រះនង្គ័ល ដោយផ្ទាល់ព្រះអង្គឡើយ ព្រះអង្គតែងចាត់ព្រះរាជតំណាងយាងច្រត់ជំនួស តែព្រះអង្គស្តេចយាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីនេះវិញ។ ព្រះរាជពិធីនេះ ប្រព្រឹត្តឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្ហូរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបាន ភោគផលខ្ពស់។
គួររម្លឹកដែរថា កាលពីឆ្នាំ២០២៤ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តកំពង់ស្ពឺ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕ by AKP

អត្ថបទដែលជាប់ទាក់ទង