ពិធីបាញ់គ្រាប់ពិត របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល នាយទាហានរង ថ្នាក់ពួក.ក្រុមថ្មើរជើង ជំនាន់ទី៥ របស់ សាលាពលទាហានទី១ យោធភូមិភាគទី១
ខេត្តស្ទឹងត្រែង ៖ បន្ទាប់ឆ្លងកាត់ការហ្វឹកហ្វឺន អស់រយៈពេល ៦ខែ សិក្ខាកាមវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល នាយទាហានរង ថ្នាក់ពួក.ក្រុមថ្មើរជើង ជំនាន់ទី៥ របស់សាលាពលទាហានទី១ យោធភូមិភាគទី ១ បានឈានដល់វគ្គបង្ហាញសមត្ថភាពពិតរបស់សិក្ខាកាមម្នាក់ៗ តាមរយៈមេរៀនការបាញ់គ្រាប់ពិតក្រុមថ្មើរជើងបាញ់ប្រយុទ្ធក្នុងពេលវាយលុកខ្មាំង នៅទីលានបាញ់គ្រាប់ពិតអាវុធគាំទ្រយោធភូមិភាគី១ តំបន់ភ្នំឡេង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់់ ខេត្តស្ទឹងត្រែង ក្រោមការត្រួតពិនិត្យដោយផ្ទាល់ ពី សំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរង នាយសេនាធិការ តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី ១ ។
ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅទីលានបាញ់គ្រាប់ពិតអាវុធគាំទ្រយោធភូមិភាគទី១ តំបន់ភ្នំឡេង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់់ ខេត្តស្ទឹងត្រែង មានរៀបចំពិធី ការបាញ់គ្រាប់ពិតក្រុមថ្មើរជើងបាញ់ប្រយុទ្ធក្នុងពេលវាយលុកខ្មាំង របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល នាយទាហានរង ថ្នាក់ពួក.ក្រុមថ្មើរជើង ជំនាន់ទី៥ របស់សាលាពលទាហានទី១យោធភូមិភាគទី១។ ក្នុងនោះសិក្ខាកាម មានមុខចូលរួមហ្វឹកហាត់ចំនួន ៥០នាក់បែងចែកជា៦ក្រុមថ្មើរជើងប្រយុទ្ធ។ ធ្វើការវាយលុកខ្មាំងលើ៣គោលដៅសំខាន់ ។
ជាលទ្ធផលយើងទទួលបាន៖
.ក្រុមទី៦កំទេចគោលដៅបាន ៧៣% ទទួលបានចំណាត់ថ្នាក់ពូកែ និង ៥ក្រុមទៀត កំទេចគោលដៅបាន ៦៥% ទទួលបានចំណាត់ថ្នាក់បង្គួរ ។ វាយតម្លៃ អង្គភាពទទួលបាននិទ្ទេសពូកែស្មើនិង ៧៣% ។
មានមតិសំណេះសំណាលក្នុងឱកាសនោះឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី ១ បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗ សិក្ខាកាមទាំអស់ ដែលបានយកចិត្តទុកដាក់ខិតខំរៀនសូត្រ ក្រេបជញ្ជក់នូវចំណេះវិជ្ជារយៈពេលកន្លងមក រហូតដណ្តើមបាននូវលទ្ធផល ជាទីគាប់ចិត្តដូចថ្ងៃនេះ ។ ឧត្តមសេនីយ៍ទោ បានសំណូមពរដល់ប្អូនៗសិក្ខាកាមអស់ ពេលត្រឡប់ទៅកាន់អង្គភាពដើមវិញ ត្រូវបន្តដុសខាត់បង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីក្លាយជា សរសរទ្រូងយ៉ាងរឹងមាំរបស់ប្រទេសជាតិនាថ្ងៃអនាគត ។
ឧត្តមសេនីយ៍ទោ ហួត សុវណ្ណ បានផ្តាំផ្ញើដល់កម្មសិក្សាការីទាំងអស់ត្រូវខិតខំគោរពវិន័យ និង បទបញ្ជារបស់ថ្នាក់លើ ឲ្យបានម៉ឺងម៉ាត់។ ពង្រឹងសាមគ្គីភាពរវាងមិត្តរួមអាវុធ ចេះជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ។ ត្រូវជៀសវាងដាច់ខាតការប្រព្រឹត្តបទល្មើសនានាដែលខុសនឹងច្បាប់រដ្ឋ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុវណ្ណ ក៏បានបំពាក់កម្រងផ្កាជាការលើកទឹកចិត្ត ចំពោះក្រុមដែលបាញ់កំទេចគោលដៅទទួលបានលទ្ធផលពូកែផងដែរ៕

















