ប្រជាពលរដ្ឋនាំគ្នាចុះស្ទឹងបយ៉ាខា ជីកដីរែងរកកម្ទេចរ៉ែត្បូងក្រោយភ្លៀង១មេធំនៅក្រុងប៉ៃលិន

ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះ គេសង្កេតឃើញប្រជាពលរដ្ឋក្មេងចាស់ នាំគ្នាចុះទៅក្នុងស្ទឹងបយ៉ាខា ដោយម្នាក់ៗភ្ជាប់មកជាមួយនូវកញ្ច្រែង ដែកស្បែង បាយកញ្ចប់ ម្ហូបអាហារនំចំណី នាំគ្នាទៅជីកកកាយកម្ទេចដីក្នុងបាតស្ទឹង ដើម្បីផ្សងសំណាង រែងរករ៉ែត្បូងដ៏មានតម្លៃ ខណ:ដែលពួកគាត់មួយចំនួន សម្រាកពីការងារស្រែចម្ការ អ្នកខ្លះទៀត អត់មានអ្វីធ្វើ ។  បើតាមការរៀបរាប់ពីប្រជាពលរដ្ឋឈ្មោះ អ៊ឹម អោ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិបតាំង ស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ក្រោយសម្រាកពីការកាត់ស្មៅនៅក្នុងចម្ការពោត និងដំឡូងមីរបស់ខ្លួន គាត់បានទាញយកដែកស្បែង និងកញ្ច្រែង ចុះទៅក្នុងស្ទឹងបយ៉ាខា ដើម្បីជីកកកាយកម្ទេចដីថ្ម រែងរករ៉ែត្បូង សម្រាប់យកទៅលក់ផ្គត់ផ្គត់ជីវភាពប្រចាំថ្ងៃ ។  គាត់បន្តទៀតថា ត្បូងនៅក្នុងស្ទឹងមិនទាន់អស់ទាំងស្រុងនៅឡើយទេ គ្រាន់តែខ្សត់ខ្សោយជាងមុន ហើយការស្វែងរកកម្ទេចរ៉ែត្បូងនេះ ពិតជាមានការផ្សងព្រេង និងមានការអត់ធ្មត់បំផុត ទើបអាចរករ៉ែត្បូង ដែលកប់នៅក្នុងជម្រៅបាតស្ទឹងឃើញ ។  គាត់បញ្ជាក់ទៀតថា ក្រោយពេលមេឃបង្អុរភ្លៀងកក់ខែ១មេធំ លុះព្រឹកឡើងគាត់ក៏នាំអ្នកជិតខាង ចុះទៅក្នុងស្ទឹងរែងរករ៉ែត្បូងតែម្ដង ។ នៅពេលនេះ មិនទាន់រកឃើញរ៉ែត្បូងណាល្អនៅឡើយទេ ខណ:ពេលដែល កាលពី១អាទិត្យមុន គាត់បានរែងប៉ះកម្ទេចរ៉ែត្បូងទទឹម១គ្រាប់ លក់ឱ្យឈ្មួញបានប្រាក់១០០ដុល្លារ និងរកឃើញរ៉ែត្បូងជាបន្តបន្ទាប់ពេលខ្លះ លក់បាន១៥០ដុល្លារផងដែរ ។   ចំណែកបុរសចំណាស់ម្នាក់ ឈ្មោះ សៅ អាយុ៧៤ឆ្នាំ រស់នៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ គាត់គឺជាជើងចាស់ក្នុងការរែងរករ៉ែត្បូង អស់​រយ:ពេលជាយូរឆ្នាំមកហើយ ដោយមុខរបរមួយនេះ មិនងាយស្រួល ក៏មិនលំបាកប៉ុន្មានដែរ បើ​សិន​ជាខិតខំប្រឺងប្រែងចុះទឹកស្ទឹងរែងរាវរកកម្ទេចរ៉ែត្បូងយូរៗ ទៅ អាចនឹងជួបខ្លះៗហើយ ទោះបីជាតូច ឬធំ គឺអាចនឹងប៉ះជាក់ជាមិនខាន ឱ្យតែមានការព្យាយាម និងតស៊ូក្នុងការត្រាំទឹកស្ទឹង។  ពួកគាត់ក៏រៀបរាប់ឱ្យដឹងដូចៗគ្នាដែរថា ចាប់តាំងពីព្រឹករហូតដល់ពេលល្ងាច ទើបត្រឡប់ទៅផ្ទះវិញ ដោយសារតែពួកគាត់បានដាំបាយវេចខ្ចប់ ដោយស្លឹកចេក មានប្រហុកកប់ ត្រីងៀតចៀន សាច់ជ្រូក បុកម្ជូរស្វាយខ្ចី នាំគ្នាហូបនៅក្បែរមាត់ទឹក ពេលសម្រាប់អាហារថ្ងៃត្រង់។ ក្រោយពេលទទួលបានមួយសន្ទុះរួច សម្រាកបន្តិច ក៏បន្តនាំគ្នាចុះទៅក្នុងទឹកស្ទឹង ជីកកកាយដីរែងរករ៉ែត្បូង រហូតដល់ពេលល្ងាច ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ ដោយថ្ងៃខ្លះ ក៏បានកម្ទេចរ៉ែត្បូងលក់ តែថ្ងៃខ្លះទៀត អត់បានអ្វីបន្តិចទាល់តែសោះ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង