សូមថែរក្សាសុខភាព..!​​ តំបន់វាលទំនាប និងតំបន់មាត់សមុទ្ទនៅតែបន្តមានភ្លៀងធ្លាក់

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងឱ្យដឹងថា​​ ​​ជ្រលងសម្ពាធទាបនៅតែបន្តមានឥទ្ធិពលលើឈូងសមុទ្ទថៃ និងភាគកណ្តាលនៃអាងទន្លេមេគង្គ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា។ ដូច្នេះធ្វើឱ្យតំបន់វាលទំនាប​​ និងតំបន់មាត់សមុទ្ទនៅតែបន្តមានភ្លៀងធ្លាប់គ្របដណ្ដប់លើផ្ទៃដីពី១០ទៅ១៥ភាគរយ…។  ក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ឱ្យដឹងថា៖«​​ ជ្រលងសម្ពាធទាបនៅតែបន្តមានឥទ្ធិពលលើឈូងសមុទ្ទថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្ទចិនខាងត្បូងបានថមថយឥទ្ធិពល ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍»។​​ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤​​ តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៧អង្សាសេ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ និងមានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រក្នុងមួយវិនាទី។ ចំពោះតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម ៣ម៉ែត្រក្នុងមួយវិនាទី។​​  រីឯតំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ ខ្យល់បក់មកពីទិសនិរតី មានល្បឿន២ម៉ែត្រក្នុងមួយវិនាទី។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។​​ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រុងប្រយ័ត្នក៏ដូចជាថែរក្សាសុខភាពផងដែរ៕  សម្រួលដោយ ​ ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង