ករណីស្លា.ប់ក្មេងក្នុងរថយន្តនៅកំពង់ធំ តំណាងសាលាសម្របសម្រួលផ្តល់សំណង៩ពាន់ដុល្លារតែគ្រួសារសពមិនព្រម

ខេត្តកំពង់ធំ៖ ករណីកុមារាអាយុ៤ឆ្នាំម្នាក់នៅខេត្តកំពង់ធំត្រូវទុកចោលឱ្យស្លាប់ក្នុងរថយន្តដឹកជញ្ជូនសិស្សសាលាឯកជនឈ្មោះ «អន្តរជាតិកុលបុត្របញ្ញា[KIS]» ស្ថិតនៅភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយកាលពីថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៤ ពេលនេះភាគីបង្កចាត់តំណាងសុំសម្របសម្រួលជាមួយគ្រួសារសព ដោយសុំសងសំណងចំនួន៩ពាន់ដុល្លារសហរដ្ឋអាម៉េរិក ខណៈគ្រួសារសពមិនព្រមទទួលយកសំណងនេះ។ នេះបើយោងតាមការបញ្ជាក់ពីឪពុកកុមាររងគ្រោះតាមរយៈទូរសព្ទមកកាន់អង្គភាពសារព័ត៌មាន  នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។  លោក អួច យ៉េត ឪពុកកុមារា យ៉ុម រ៉ៃយ៉ា អាយុ៤ឆ្នាំដែលត្រូវស្លាប់ក្នុងរថយន្តសាលារៀនឯកជន«អន្តរជាតិកុលបុត្របញ្ញា[KIS]» បានបញ្ជាក់ថា៖«ខាងតំណាងរបស់សាលាដែលត្រូវជាក្រុមការងារភាគហ៊ុនសាលារៀន និងបងប្រុសជនសង្ស័យបានចុះទៅសុំធ្វើការសម្របសម្រួលនៅផ្ទះរបស់ខ្ញុំកាលពីថ្ងៃសៅរ៍ទី១០សុំសងជាសំណងចំនួន៩ពាន់ដុល្លារ។ គេថាព្រមសងសំណងប៉ុណ្ណឹងរួចចាំគេទៅដកពាក្យបណ្តឹងអីខ្លួនឯង តែខ្ញុំអត់ព្រមផង […] ខ្ញុំមិនថានេះទេប៉ុន្តែសំណងប៉ុណ្ណឹងមិនអាចទទួលយកបាន រឿងប៉ុណ្ណាណី តាមចិត្តខ្ញុំខឹងខ្ញុំទារ៤ម៉ឺនកាលពីថ្ងៃសៅរ៍ហ្នឹង»។ លោក អួច យ៉េត បានសំណូមពរដល់អាជ្ញាធរជួយពន្លឿនការតាមចាប់ជនសង្ស័យ យកមកទទួលទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន ព្រោះគិតមកដល់ថ្ងៃទី១៤ កុម្ភៈ មានរយៈពេល១០ថ្ងៃទៅហើយនៅតែមិនទាន់មានដំណឹងពីជនសង្ស័យ។  ជុំវិញករណីនេះ លោក ញ៉ែម ឈុនលី ស្នងការរងនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់ តាមរយៈទូរសព្ទនៅល្ងាចថ្ងៃទី១៤កុម្ភៈថា មកដល់ម៉ោងនេះកម្លាំងជំនាញរបស់លោកកំពុងតែបន្តនីតិវិធីស្នើសុំដីការ ដើម្បីតាមចាប់ខ្លួនជនសង្ស័យក្នុងករណីនោះ។ លោក ញ៉ែម ឈុនលី ឱ្យដឹងថា ៖«ពាក់ព័ន្ធជាមួយសំណុំរឿងនេះគឺមានការយកចិត្តទុកដាក់ ហើយយើងបានចាត់វិញធានការតាមនីតិវិធីហើយ […] ហើយមកដល់ម៉ោងនេះយើងបានធ្វើកិច្ចការងារ បញ្ជូនសំណើទៅខាងអយ្យការអមសាលាដំបូងកំពង់ធំសុំដីការបញ្ជា[ចាប់ខ្លួន] អនុវត្តតាមនិត្តិវិធីច្បាប់»។ ជាមួយគ្នានោះ លោកស្នងការរងខេត្តបន្ថែមថា ការសុំដីការតាមចាប់នេះគឺទៅលើជនសង្ស័យតែម្នាក់ទេដែលពាក់ព័ន្ធ។ ដោយឡែកចំពោះអត្តសញ្ញាជនសង្ស័យដែលត្រូវសុំដីការតាមចាប់ខ្លួននោះលោកសុំមិនបញ្ជាក់លម្អិតទេ ដោយលោកអះអាងថាជាកិច្ចការសម្ងាត់របស់នគរបាល។  គួររំឭកថា កុមារា រ៉ៃយ៉ា ដែលទើបនឹងមានអាយុ៤ឆ្នាំ ត្រូវបានស្លាប់យ៉ាងអណោចអធម្ម នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រោះតែការធ្វេសប្រហែសរបស់តៃកុងរថយន្តដែលជាភរិយារបស់នាយកសាលារៀនឯកជន «អន្តរជាតិកុលបុត្របញ្ញា[KIS]» ភ្លេចក្មេងទុកចោលក្នុងរថយន្តអស់រយៈពេល៤ទៅ៥ម៉ោង។ ក្នុងថ្ងៃកើតហេតុ ប្រពន្ធនាយកសាលា ឈ្មោះ ឡុង ស៊ីណែត បានបើករថយន្តមកដឹកកុមារារងគ្រោះចេញពីផ្ទះប្រហែលជាម៉ោង១២ថ្ងៃត្រង់ និងបន្តប្រមូលសិស្សតាមផ្លូវពេលត្រឡប់ទៅសាលារៀនវិញ ទម្រាំដល់សាលារៀនប្រហែលជាម៉ោង១រសៀល ទើបសិស្សទាំងអស់បានចូលរៀន។ រហូតដល់ល្ងាចម៉ោងប្រហែលជាង៤ ពេលដែលជូនសិស្សត្រឡប់មកផ្ទះវិញ ក៏បើកទ្វារមកឃើញកុមារារងគ្រោះដេកស្លាប់នៅលើរថយន្ត ហើយក្រោយមកនាយកសាលារៀននោះ បានបញ្ជូន កុមារា រ៉ៃយ៉ា ទៅមន្ទីរពេទ្យខេត្ត លុះដល់គ្រូពេទ្យសង្គ្រោះមិនបាននៅវេលាម៉ោងប្រហែល៥:៣០នាទីល្ងាច ក៏យកសពកុមារារងគ្រោះរួមជាមួយរថយន្តមកប្លុងចោលតាមផ្លូវ និងបានរកអ្នកមកបើករថយន្តជំនួសតែរកមិនបាន រួចរត់គេចខ្លួនបាត់ស្រមោល ក៏បែករឿងភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច នៅឃុំប៉ុស្តិ៍ត្រពាំងឫស្សីតេម្តង៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង