ក្រោយផ្ដាសាយបក្សីកក្រើកទ្បើងមន្ត្រីជំនាញចុះបាញ់ថ្នាំស.ម្លា.ប់មេរោគតាមកសិដ្ឋាននៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ មន្ត្រីជំនាញបសុព្យាបាលបានចុះណែនាំដល់ប្រជាពលរដ្ឋ និងបាញ់ថ្នាំសម្លាប់មេរោគផ្ដាសាយបក្សីនៅតាមកសិដ្ឋាន ទ្រុងមាន់ ទ្រុងទា របស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១២ និងថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ ២០២៤។  ថ្ងៃទី១៣ ខែកុម្ភៈ លោកបានដឹកនាំសហការីមន្ត្រីជំនាញថ្នាំសម្លាប់មេរោគក្នុងឃុំព្រះធាតុបានចំនួន៤ភូមិដែលជាប់ព្រំប្រទល់ ស្រុកកោះសូទិនខេត្តកំពង់ចាម រួមមាន៖ ទី១ភូមិទួលឃ្លាំង ទី២ ភូមិបឹងកាង ទី៣ ភូមិទួលព្នៅ និងទី៤ ភូមិត្រពាំងគង។ លោកបញ្ជាក់បន្ថែមថា ក្នុងភូមិទាំងនោះអាជ្ញាធរបានបាញ់ថ្នាំតាមខ្នងផ្ទះ ដែលមានទ្រង់ចិញ្ចឹមសត្វមាន់-ទា ចំនួន១១ខ្នងផ្ទះ ព្រមទាំងបានចែកថ្នាំសម្លាប់មេរោគផ្ដាសាយបក្សី បានចំនួនពីរភូមិចំនួន១៥គ្រួសារផងដែរ។  សូមជម្រាបថា ពាក់ព័ន្ធនឹងការកក្រើនទ្បើងវិញនៃជំងឺសាយបក្សីប្រភេទហាស់៥អ៊ិន១ (H5N1) ក្រសួងសុខាភិបាល ក៏ធ្លាប់បានក្រើនរំឭកដល់ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច។ ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់-ទា ឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា ពលរដ្ឋមិនត្រូវទៅចូលរួមជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើនឡើយ ដោយត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុតឱ្យបានឆាប់ទាន់ពេលវេលា។​  គួររំឭកថា កាលពីរសៀលថ្ងៃទី០៩ កុម្ភៈ ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានប្រកាសថា មានក្មេងប្រុសអាយុ៩ឆ្នាំម្នាក់នៅខេត្តក្រចេះបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី បន្ទាប់ពីក្មេងប្រុសរូបនោះ យកមាន់-ទាដែលងាប់មកធ្វើម្ហូបទទួលទាន។​​ រីឯនៅថ្ងៃទី១២ ខែកុម្ភៈ ក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីប្រកាសព័ត៌មានទាក់ទងនឹងការរកឃើញជំងឺផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) លើក្មេងប្រុសអាយុ១៦ឆ្នាំ មួយករណីទៀត ដែលមានទីលំនៅក្នុងភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ក្រោយទទួលការបញ្ជាក់ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ៕     សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង