ក្រោយផ្ទុះវីដេអូបា.ញ់សត្វស្លាបនៅខេត្តក្រចេះ ប្រធានមន្ទីរបរិស្ថានថាកំពុងស៊ើបអង្កេតរឿងនេះថាពិតឬទេ

ខេត្តក្រចេះ៖ អាជ្ញាធរខេត្តក្រចេះកំពុងតែស៊ើបអង្កេត និងពិនិត្យមើល ករណីដែលពលរដ្ឋផ្សព្វផ្សាយតាមបណ្តាញសង្គម បង្ហាញពីបុរសម្នាក់ជិះរថយន្តដែលមានបណ្ណសម្គាល់កងរាជអាវុធហត្ថ (អ.ហ) ​និងបានយកកាំភ្លើងចុះមកបាញ់សម្លាប់សត្វស្លាបក្នុងបឹងរការ នៃទីរួមខេត្តក្រចេះ ថាជារឿងពិតឬយ៉ាងណា។ នេះបើតាមប្រធានមន្ទីររបរិស្ថានខេត្តក្រចេះប្រាប់   តាមរយៈទូរសព្ទនារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។  លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះនិយាយថា៖ «ករណីនេះយើងទទួលបានរូបភាព ក៏ប៉ុន្តែយើងកំពុងតែស្រាវជ្រាវ ប៉ុន្តែករណីនេះមិនដឹងជាពិត ឬក៏មិនពិតនោះទេ[..]បើស្រាវជ្រាវពិតគឺយើងត្រូវតែអញ្ជើញគាត់(អ្នកបាញ់សម្លាប់សត្វ)មកសួរនាំព្រោះគាត់ប្រព្រឹត្តអ្វីដែលខុស […] រឿងវាប៉ុណ្ណឹងសិនព្រោះយើងមិនទាន់កំណត់ថាច្បាស់រឿងពិត ឬមិនពិតនោះទេ»។ ការបញ្ជាក់របស់ប្រធានមន្ទីរបរិស្ថានរូបនេះ គឺឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌  ថាតើករណីបុរសម្នាក់ពាក់អាវអាវុធហត្ថ ជិះរថយន្តពាក់ស្លាកលេខភ្នំពេញ ២Q-៧២៩០ ជាមួយបណ្ណបណ្ណសម្គាល់អាវុធហត្ថ ធ្វើសកម្មភាពយកកាំភ្លើងបាញ់សម្លាប់សត្វនៅក្នុងក្នុងតំបន់បឹងរការ ដូចដែលពលរដ្ឋផ្សព្វផ្សាយតាមបណ្តាញពិតដែរឬទេ?   លោក ឆាយ ឌួងសាវុធ បន្ថែមថា លោកមិនទាន់អាចបញ្ជាក់អ្វីច្រើនឡើយ ដោយហេតុថាលោកកំពុងធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តក្រចេះវិញ ហើយកម្លាំងជំនាញក៏កំពុងទាញយករូបភាព និងស្លាកលេខរថយន្តជនសង្ស័យតាមរយៈរូបភាពដែលថតបានពីពលរដ្ឋដើម្បីពិនិត្យមើលផងដែរ។ ប្រសិនករណីនេះជាការពិតកម្លាំងជំនាញនឹងអញ្ជើញបុគ្គលរូបនោះមកប្រឈមមុខផ្លូវច្បាប់។  គួរជម្រាបថា នៅព្រឹកថ្ងៃទី៣០មករាឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកមួយមានឈ្មោះថា Khmer Nature បានចែកចាយរូបភាពជាច្រើនសន្លឹក ជាមួយនឹងវីដេអូ ដែលបង្ហាញពីសកម្មភាពបុរសម្នាក់បានជិះរថយន្តពាក់ស្លាកលេខ ភ្នំពេញ ២Q-៧២៩០ មានបណ្ណសម្គាល់អាវុធហត្ថផង បានចុះធ្វើសកម្មភាពបាញ់សម្លាប់សត្វស្លាប នៅតំបន់បឹងរការ ក្នុងខេត្តក្រចេះ។ ម្ចាស់គណនីខាងលើបានភ្ជាប់ជាមួយសំណេរថា៖«តើអូនជាប់ទោសបទល្មើសអ្វី? មួយគ្រាប់របស់បងប្រហារស្លាបអូនហើយ! តើសង្សារអូនបានអ្នកណាមើលដែរ បន្តបាញ់រួចខលហៅអ្នកចុះរើស ពិតជាសហការគា្នបានល្អណាស់»។ ម្ចាស់គណនីដដែលបន្តថា៖«គ្រាន់តែចែករំលែកទេ ហើយក៏គ្មានសង្ឃឹមថានឹងមានចំណាត់ការដែរ។ ទីតាំង៖ បឹងរការកណ្តាល ទីរួមខេត្តក្រចេះម៉ោង៖ ប្រហែល ៧:៣០ នាទីព្រឹកសុំលាក់វីដេអូរសិនសូមរដ្ឋបាលខេត្ត និងមន្ទីរររពាក់ព័ន្ធជួយពិនិត្យករណីនេះផង»។  នៅចំពោះមុខការសម្លាប់សត្វព្រៃនេះដែរ ក្រសួងបរិស្ថាន ទើបបានប្រកាសថ្កោលទោសចំពោះជនល្មើសដែលបានបាញ់សម្លាប់កូនដំរីមួយក្បាលក្នុងខេត្តមណ្ឌលគិរី។ ក្រសួងថែមទាំងបានអំពាវនាវដល់សមត្ថកិច្ច ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋរួមគ្នាស្វែងរកវត្ថុតាង និងចាប់ជនល្មើសដែលបានសម្លាប់កូនដំរីនោះមកដាក់ទោសតាមច្បាប់៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង