ក្រសួងបរិស្ថានស្នើបញ្ឈប់ការផ្សព្វផ្សាយមាតិកា ជំរុញឱ្យមានការបំផ្លាញធនធានធម្មជាតិ

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើឱ្យបញ្ឈប់ការផ្សព្វផ្សាយមាតិកាណា ដែលជំរុញឱ្យមានការបំផ្លាញធនធានធម្មជាតិ។ ប្រតិកម្មរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បន្ទាប់ពីបានឃើញការផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Yorn Khy ផលិតមាតិកាដោយយកផ្កាបំពង់ក្រឡោម ទៅធ្វើជាម្ហូបដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន…។  អ្នកណាំពាក្យក្រសួងបន្ថែមថា ភ្លាមៗចំពោះមុខការផ្សព្វផ្សាយមាតិកានោះ ឯកឧត្តម ខ្វៃ អាទិត្យា បានអប់រំដោយផ្ទាល់ដល់ម្ចាស់គណនីខាងលើ និងស្នើឱ្យមានការលុបចេញពីបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន និងឱ្យបញ្ឈប់ការធ្វើមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃ ឬរុក្ខជាតិកម្រ និងជិតផុតពូជ នៅក្នុងពិភពលោក។ ជាមួយគ្នានេះ ក្រសួងអះអាងថា បច្ចុប្បន្នក្រសួងបរិស្ថានបាននិងកំពុងចាត់វិធានការតឹងរឹង ចំពោះបទល្មើសធនធានធម្មជាតិក្នុងនោះ គឺត្រូវអនុវត្តច្បាប់១០០ភាគរយ ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធនាធម្មជាតិ។ ក្រសួងក៏បាននិងកំពុងអប់រំជំរុញឱ្យមានការផ្លាស់ប្ដូរឥរិយាបថប្រជាពលរដ្ឋទាំងអស់ ឱ្យមានការយល់ដឹង និងចូលរួមថែរក្សាសត្វព្រៃ ធនធានជីវៈចម្រុះ ដែលជាផ្នែកមួយដ៏សំខាន់។ ឯកឧត្តម ខ្វៃ អាទិត្យា លើកឡើងថា៖«ជាពិសេសការបរិភោគសត្វព្រៃធ្វើឱ្យសុខភាពរបស់អ្នកបរិភោគ កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងពេលខ្លះប្រឈមនឹងការបាត់បង់ជីវិត»។  ចំពោះមុខបញ្ហានេះ ក្រសួងបរិស្ថានសង្ឃឹមថា អ្នកបង្កើតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គម ចូលរួមបង្កើនការយល់ដឹងអំពីសារសំខាន់នៃជីវៈចម្រុះ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ការពារព្រៃឈើ សត្វព្រៃ និងជីវចម្រុះឱ្យបានល្អថែមទៀត។ សត្វព្រៃ និងជីវៈចម្រុះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋានជាពិសេសធានា ដល់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។អ្នកជំនាញថា បំពង់ក្រឡោម បំពង់ស្រមោច ឬអ្នកខ្លះហៅថា «ផ្កាបំពង់លុក» ឬ «ផ្កាក្រឡូមពារ» ភាសាបច្ចេកទេស Pitcher plants (Nepenthes) គឺជាពួករុក្ខជាតិអាចចាប់សម្លាប់ និងរំលាយសត្វល្អិតជាអាហារដែលចូលទៅក្នុងទម្រង់ស្លឹកពិសេសរបស់វា។ រុក្ខជាតិនេះមានដុះនៅតាមតំបន់ការពារធម្មជាតិនានានៅកម្ពុជា ដូចជា៖ នៅលើឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅតំបន់ខ្នងផ្សារ ក្នុងឧទ្យានជាតិជួរក្រវ៉ាញកណ្តាលជាដើម។  គួរបញ្ជាក់ថា រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២(Appendix II) នៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឱ្យមានការជួញដូរនោះឡើយ។ ជាមួយគ្នានេះ មន្រ្តីនាំពាក្យក្រសួងបរិស្ថាន ស្នើសុំប្រជាពលរដ្ឋ​ និងភ្ញៀវទេសចរ ចូលរួមថែរក្សា ផ្កាបំពង់ក្រឡោមកម្ពុជាយើងដើម្បីការពារថែរក្សាពូជឱ្យបាននៅគង់វង្ស និងចូលរួមថែរក្សាសោភ័ណភាព នៅតាមមូលដ្ឋាននៅតាមរមណីយដ្ឋានធម្មជាតិឱ្យបានស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាបានច្រើន បង្កើតការងារជូនសហគមន៍ និងផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ កាន់តែប្រសើរថែមទៀត៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង