កំពង់ផែទេសចរណ៍កោះទន្សាយ គិតមកទល់ពេលនេះ សម្រេចសាងសង់បានជាង ៥០% ហើយ

កែប៖ ក្រោយពេលដែលកំពង់ផែនេះសាងសង់រួច យើងរំពឹងថា នឹងអាចស្រូបទាញភ្ញៀវទេសចរឲ្យទៅលេងកម្សាន្តកោះក្នុងខេត្តកែបនេះ កាន់តែច្រើន។ កំពង់ផែទេសចរណ៍កោះទន្សាយ កំពុងដំណើរការសាងសង់ គិតមកត្រឹមថ្ងៃទី២៨ ខែមករា ​ឆ្នាំ២០២៤នេះ សម្រេចលទ្ធផលបានជាង ៥០% ហើយ។ អាជីវករមួយចំនួន ដែលកំពុងលក់ដូនៅកោះទន្សាយ បានបង្ហាញក្តីរំពឹងថា កំពង់ផែនេះសាងសង់រួចរាល់ពេលណា នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរមកកម្សាន្តកោះនេះកាន់តែច្រើន។  អាជីវករ និងជាម្ចាស់អាហារដ្ឋានមួយលើកោះទន្សាយ លោកស្រី វួច លាង បានឲ្យដឹងថា នៅពេលភ្ញៀវទេសចរ ដែលមកលេងនៅកោះទន្សាយម្តងៗ មានការលំបាកក្នុងការចុះទូក ដោយមិនមានផែត្រឹមត្រូវ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធនានាក៏មិនទាន់មាន។ តែយ៉ាងនេះលោកស្រីរំពឹងថា នៅពេលអាជ្ញាធរបានសាងសង់ផ្លូវ ទឹកស្អាត និងអគ្គិសនីបន្ថែម វានឹងជួយសម្រួលដល់ការមកលេងរបស់អ្នកទេសចរ និងពលរដ្ឋទូទៅ បន្ថែមពីនោះ ក្រោយពេលកំពង់ផែលើកោះទន្សាយ ដែលកំពុងសាងសង់​នេះ ពេលបានសាងសង់រួច តំបន់កោះនៅទីនេះ នឹងកាន់តែអ៊ូរអរថែមមួយកម្រិតទៀត។  គួរបញ្ជាក់ថា តាមរយៈការសាងសង់កំពង់ផែទេសចរណ៍មួយនេះ ពិតណាស់ វានឹងជួយដល់ការស្រួបទាញអ្នកទេសចរមកកាន់បណ្តាកោះនៅខេត្តកែប កាន់តែច្រើនឡើងបន្ថែមទៀត។ ក្នុងដំណើរចុះទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ផែកោះទន្សាយនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានឲ្យដឹងថា គម្រោងសាងសង់កំពង់ផែនេះ ជាការពង្រីកសក្តានុពលវិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ខេត្ត តាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់៕   សម្រួលដោយ

អត្ថបទដែលជាប់ទាក់ទង