លោកយាយម្នាក់ បានសារភាពថាខ្លួន ពិតជាបានសម្លាប់ចៅប្រុសពិតប្រាកដមែន ដោយសារគ្មានសមត្ថភាពចិញ្ចឹមចៅបន្ត

កំពង់ស្ពឺ ៖ នគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជីដូនម្នាក់ ពីបទឃាតកម្មទៅលើចៅប្រុសអាយុ ៨ឆ្នាំ។ ក្រោយពីធ្វើការសាកសួរបឋម ឈ្មោះ ម៉ុម រឿន បានសារភាពថាខ្លួនពិតជាបានសម្លាប់ចៅប្រុសពិតប្រាកដមែន ដោយសារខ្លួនគ្មានសមត្ថភាពចិញ្ចឹមចៅបន្ត ។  កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ជីដូនម្នាក់បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍សមត្ថកិច្ច ពីការបាត់ខ្លួនរបស់ចៅប្រុសឈ្មោះ វណ្ណឌី វីរៈ អាយុ៨ឆ្នាំ នៅស្រុកសំរោងទោង ខេត្តកំពង់ស្ពឺ។   កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង៦ និង៣០នាទីល្ងាច សាកសពរបស់ក្មេងប្រុសនេះត្រូវបានប្រទះឃើញដោយមានស្ថានភាពដុំថ្មគ្របពីលើពាក់កណ្តាលខ្លួន នៅលើចង្កេះភ្នំញញ្ញាសេះ ស្ថិតនៅខាងជើងភូមិអូនាងហ៊ីង ស្រុកសំរោងទោង ខេត្តកំពង់ស្ពឺ។  អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង និងបានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារប្ចចេកទេសវិទ្យាសាស្រ្ត (FST) ក្នុងកិច្ចសហប្រតិបត្តិការជានាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីដំណើរការស៊ើបអង្កេតទៅលើការស្លាប់នេះ។ ការពិនិត្យកោសល្យវិច្ច័យទៅលើកន្លែងកើតហេតុ និងសាកសព ត្រូវបានធ្វើឡើង ហើយបានបញ្ជាក់ថាកុមាររងគ្រោះពិតជាត្រូវបានគេសម្លាប់និងកប់នៅទីកន្លែងដដែលនោះ។ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ថែមទាំងក្រុមការងាររបស់អង្គភាពការពារកុមារ (CPU) បានធ្វើការសាកសួរទៅលើសាក្សី និងបុគ្គលជាច្រើនរូប។  បន្ទាប់ពីប៉ុន្មានម៉ោងក្រោយមក ជីដូនដែលមានឈ្មោះ ម៉ុម រឿន បានសារភាពពីសកម្មភាពសម្លាប់ចៅប្រុសរបស់ខ្លួន។ ជនសង្ស័យនេះកំពុងមានការឃុំខ្លួន និងត្រូវបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីធ្វើការផ្តន្ទាទោស។  នេះគឺជាឧទាហរណ៍ដ៏ល្អមួយ ដែលបង្ហាញពីធនធាន និងជំនាញដែលត្រូវបានប្រើប្រាស់ដោយមន្ត្រីនគរបាលជាតិកម្ពុជា និងអង្គភាពការពារកុមារ (CPU) ក្នុងការស៊ើបអង្កេតទៅលើរាល់ករណីឃាតកម្មលើកុមារ ដើម្បីឃាត់ខ្លួន និងផ្តន្ទាទោសទៅលើរាល់ជនល្មើសដែលបានប្រព្រឹត្តបទល្មើសទាំងនោះ។ ជាកិច្ចការដ៏ល្អប្រសើរដែលបានធ្វើឡើងដោយ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងអង្គភាពការពារកុមារ (CPU)៕   សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង