ខេត្តត្បូងឃ្មុំនឹងរៀបចំពិធីចាប់ត្រីបែបបុរាណ នៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខ

ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចុះចាប់ត្រីបែបបុរាណនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍ដំណែលពីបុរាណតរៀងមក ក្នុងតំបន់នេះ ខណៈឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រមាណជាង ៦ម៉ឺននាក់ មកចូលរួម។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការចាប់ត្រីនឹងចាប់ផ្តើមនៅនៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៩ ព្រឹកតទៅ នៅក្នុងបរិវេណបឹងត្រពាំងក្រម ភូមិសា ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រៀបចំពិធីចុះចាប់ត្រីតាមបែបបុរាណ ក្រោដោយមានការចូលរួមពី លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងភរិយា ផងដែរ។  រដ្ឋបាលស្រុកមេមត់ ឱ្យដឹងថា ប្រជាពលរដ្ឋ និងបងប្អូនអាជីវករត្រូវត្រៀមឧបករណ៍សម្រាប់ចាប់ត្រីបែបបុរាណនេះ រួមមាន អង្រុត, ឈ្នាង, ត្រក, ក្លុះ។  គួរឱ្យដឹងដែរថា ក្នុងបរិវេណបឹងត្រពាំងក្រម ភូមិសា ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុង១ឆ្នាំមានការអនុញ្ញាត បើកឱ្យចាប់ត្រីបានតែម្តងនោះទេ ផុតពីថ្ងៃប្រារព្ធពិធីចាប់ត្រី នឹងមានកម្លាំងប្រជាការពារភូមិ និងកម្លាំងប៉ុស្តិ៍ការពារ មិនឱ្យមានការនេសាទដោយយកឧបករណ៍ហាមឃាត់ល្មើសច្បាប់មករកទេ ដើម្បីការពារត្រីបឹងធម្មជាតិមួយនេះ។  ពិធីចាប់ត្រីបែបបុរាណនេះ គឺដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក ក្នុងតំបន់នេះ ព្រមទាំងបានផ្តល់ឱកាសឱ្យមានការមកជួបជុំគ្នា ដើរលេងកំសាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់់បឹងត្រពាំងក្រម ដែលមានកេរ្តិ៍ដំណែលពីដូនតារួមមាន ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម ខណៈក្នុងឆ្នាំ២០២៣ នាពិធីនេះក៏មានកម្មវិធី រាំច្រៀងតាមលក្ខណៈប្រពៃណីខ្មែរផងដែរ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង