កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចាប់ឃាត់ខ្លួនបានជនសង្ស័យជនជាតិវៀតណាម០៤នាក់បញ្ជូនទៅតុលាការករណីខួងយករ៉ែដោយគ្មានអាជ្ញាបណ្ណពីធនធានរ៉ែ នៅស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែងៈ   នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ អាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៤ នាក់ ទៅតុលាការខេត្ត ក្នុងករណីរុករកនិងខួងយករ៉ែដោយខុសច្បាប់គ្មានអាជ្ញាប័ណ្ណធនធានរ៉ែ ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានហើយដឹងថាៈ ប្រតិបត្តិការក្នុងការចុះបង្ក្រាបករណីជនជាតិវៀតណាមចំនួន០៤នាក់លួចខួងយករ៉ែ ដោយគ្មានអាជ្ញាប័ណ្ណធនធានរ៉ែនៅចំណុចខាងលើនោះ បានធ្វើការអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង ១១និង០៦នាទី លោកឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំបញ្ជាកម្លាំងកងរាជអាវុធហត្ថ ក្នុងនោះក៏មានការសម្របសម្រួលនីតិវិធី ដោយលោក នៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន (មេភូមិ) បានធ្វើប្រតិបត្តិការចុះបង្ក្រាបករណីការខួងយករ៉ែដោយគ្មានអាជ្ញាបណ្ណធនធានរ៉ែ មានចំនួន២ទីតាំង ចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថ ចាប់ឃាត់បានរថយន្ត១គ្រឿងម៉ាកFORD RAVGER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-1383 ដែលជនសង្ស័យកំពុងបើករត់គេចចេញពីកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងបន្តថា ក្នុងនោះ ក៏ចាប់ឃាត់ខ្លួនបានជនសង្ស័យ ជាជនជាតិវៀតណាមចំនួន០៤នាក់ -ទី១ឈ្មោះTRAN TRONGTANG ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅក្រុងហាណូយ ប្រទេសវៀតណាម។
-ទី២ឈ្មោះ ចឹង ថាយយឿង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
-ទី៣ឈ្មោះ ងៀន អុងនឿង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកសិក្សាដីរករ៉ែ មានទីលំនៅក្រុងហាយណូយប្រទេសវៀតណាម។
និងទី៤ មានឈ្មោះ ឡេ វ៉ាន់ទុន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរធ្វើចម្ការ មានទីលំនៅភូមិត្នោតម្លូ ឃុំត្នោតម្លូ ស្រុករវៀង ខេត្តព្រះវិហារ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមឲ្យដឹងថា ហើយក៏បានធ្វើការរឹបអូសដករហូតយកបានវត្ថុតាងនៅកន្លែងកើតហេតុមានដូចជាៈ ម៉ាស៊ីខួងរ៉ែ ២គ្រឿង, ម៉ាស៊ីនគោយន្ត ២គ្រឿង, ទុយោជ័រ៤, ហ្វុយដាក់ទឹក៤,ដែកបំពង់ទីប៤៦ដើម, ដែកបំពុងទីបធ្វើជើងជ្រែងទប់ម៉ាស៊ីនមានចំនួន១២កំណាត់។ បន្ទាប់មកក៏បានឆែកឆេរនិងចាប់យកវត្ថុតាងក្នុងរថយន្តរបស់ជនសង្ស័យខាងលើ រួមមានៈឧបករណ៍ស្រូបរុករករ៉ែចំនួន០៣គ្រឿង,ថ្ម ដីច្រកក្នុងថង់ប្លាស្ទិក ដែកឆក់ សម្រាប់យកទៅពិសោធន៍ មួយចំនួន។
ករណីខាងលើនេះដែរ កម្លាំងជំនាញរបស់អាវុធហត្ថខេត្ត បានធ្វើការត្រួតពិនិត្យ និងសាកសួរជនសង្ស័យ ជាជនជាតិវៀតណាមទាំង០៤នាក់ រួចរាល់ បានបញ្ជាក់ឱ្យឃើញថា ពុំមានឯកសារបទដ្ឋានគតិយុត្តិណាមួយអនុញ្ញាតឱ្យខួងរុករកធនធានរ៉ែ ពីស្ថាប័នជំនាញឡើយ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ព្រមជាមួយវត្ថុតាងខាងលើ ត្រូវបានកម្លាំងអាវុធហត្ថកំពុងបញ្ជូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង