ក្រសួងសុខាភិបាល ប្រកាសព័ត៌មាន ពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណី

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា យោងតាមលទ្ធផល វិភាគលម្អិត (Sequencing) ទទួលបានពីមន្ទីរពិសោធន៍បង្អែកជាតិនៃវិទ្យស្ថានសុខភាពសាធារណៈ នៅថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណី បន្ថែមទៀត ដែលពួកគាត់ទាំងអស់ពុំមានរោគសញ្ញាធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ ហើយពុំមានប្រវត្តិធ្វើដំណើរ ទៅក្រៅប្រទេសទេ។  ការរកឃើញវីរុសបំប្លែងថ្មីប្រភេទ micron JN.1 មានការកើនឡើងបែបនេះ បញ្ជាក់ ថាប្រភេទវីរុសបំប្លែងថ្មីនេះ កំពុងមានវត្តមានក្នុងសហគមន៍ និងអាចមានករណីឆ្លងជាបន្តបន្ទាប់។ ក្រសួងសុខាភិបាលសូមរំលឹកជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបផងដែរថា តាមចំណាត់ថ្នាក់របស់ អង្គការសុខភាពពិភពលោក (WHO) បានបំញ្ជាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 នេះ មិនសូវមាន សភាពធ្ងន់ធ្ងរទេ គឺជាវីរុសបំប្លែងថ្មីដែលជាប្រភេទចាប់អារម្មណ៍ VOI (Variant of Interest) មិនមែនជាវីរុស បំប្លែងថ្មីដែលជាប្រភេទព្រួយបារម្មណ៍ VOC (Variant of Concern) នោះទេ។  អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបង្ការនូវការចម្លងវីរុស កូរីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ដោយត្រូវអនុវត្តនូវវិធានការបង្ការ ដូចខាងក្រោម៖  ·អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការបង្ការការចម្លងគឺពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬ អាល់កុល ឬ ជែលលាងដៃ។  បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូស ជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួនឱ្យបានសមស្រប ដើម្បីបង្ការការឆ្លងវីរុសកូវីដ-១៩។   ប្រសិនបើអ្នកមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានទាន់ពេលសមស្រប៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង