មក​ពូន​​ផ្នូរ​សពលើដីជម្លោះ​​ពេល​ល្ងាច ពេល​យប់​គេ​យក​ត្រាក់​​ទ័រ​ឈូស​ចោល​វិញ

ខេត្តកំពត ៖ ហេតុការណ៍​ចម្រូងចម្រាស់​មួយ​ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ២០២៣ នេះ ស្ថិត​នៅ​លើ​ដី​មួយ​កន្លែង​ក្នុងភូមិ​បឹង​ធំ ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត ដោយសារ​ឃើញ​មាន​​លោកយាយ​ម្នាក់ ឈ្មោះ​លី យោង អាយុ​៧៧​ឆ្នាំ និង​ស្ត្រី​ម្នាក់​ទៀត​ដែល​ត្រូវជា​ប្អូនស្រី​បង្កើត និង​​ស្ត្រី​ម្នាក់​ទៀត ត្រូវជា​ប្អូន​សាច់ថ្លៃ រួម​ទាំង​ព្រះសង្ឃ និង​លោក​អាចារ្យ​ផង​ដែរ បាន​និមន្ត​មក​ដល់​កន្លែង​ដី​ចាក់​ធ្វើ​ជា​ផ្នូរ​សព ដើម្បី​រៀបចំ​ពិធីសូត្រមន្ត បង្សុកូល និង​ពូន​ផ្នូរ​សព ។  គួរ​បញ្ជាក់​ថា ការ​ចាក់​ដី​ពូន​ផ្នូរ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ ម្សិលមិញ​នោះ ត្រូវ​បាន​គេ​លួច​ឈូស​ឆាយ​ចោល​វិញ​នៅ​ពេល​យប់ ។ ទោះជា​មានការ​ឈូស​ឆាយ​មិន​អោយ​មាន​ផ្នូរ​សព​នៅ​លើ​ដី​មាន​ជម្លោះ​នេះ ក៏​ដោយ លោកយាយ​លី យោង និង​ក្រុម​សាច់ញាតិ​នៃ​សព​ជា​ខ្សែស្រឡាយ​ចិន នៅ​តែ​ខំ​ធ្វើ​ពិធី​សូត្រ​ឧទ្ទិស​ដល់​អ្នក​ស្លាប់​នេះ​ទាល់តែ​ហើយ ។  លោកយាយ​លី យោង និង​ប្អូនស្រី​បង្កើត ដៃ​ម្ខាង​លើក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ និង​និយាយ​តបត​ប្រាប់យុវជន​៣​នាក់​ដែល​អះអាង​ថា ជា​តំណាង​ម្ចាស់​ដី ។ លោកយាយ​លី​យោង​ថា ខ្ញុំ​ធ្វើ​នេះ​តាម​អាជ្ញាធរ​ស្រុក​និង​ខេត្ត ដើម្បី​ពូន​ផ្នូរ​ដល់​សព​ឱ​ពុក​ម្ដាយ​ដែល​បាន​បញ្ចុះ​នៅ​លើ​ដី​ជិត​១០០​ឆ្នាំ​មុន ។  លោកយាយ​យោង​និយាយ​ទៀត​ថា ការ​ធ្វើ​ពិធី​ពូន​ផ្នូរ​នៅ​ពេល​នេះ គឺ​ធ្វើ​តាម​ចំណារ​របស់​អភិ​បាល​ខេត្ត​បង្គាប់​អោយ​អាជ្ញាធរ​ស្រុក​ចុះ​មក​ឃ្លុំ​ដី​ផ្នូរ​សព​ចាស់​ទំហំ​ដី​១០​ម៉ែត្រ​៤​ជ្រុង​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ភាគី​ខាង​តំណាង​ម្ចាស់​ដី​និយាយ​ថា មិន​ឱ្យធ្វើ​អ្វី​ៗ​នៅ​លើ​ដី​ត្រង់​ចំណុច​ថា​មាន​ផ្នូរ​សព​នោះ​ទេ ព្រោះ​​ដី​គាត់​មាន​ប្លង់​រឹង​ត្រឹមត្រូវ​។ លោកយាយ​លី យោង ខំ​ពូន​ផ្នូរ​សារ​ជា​ថ្មី​ម្ដងទៀត តែ​តំណាង​ឱ្យ​ម្ចាស់​ដី​មាន​គ្នា​បី​នាក់ បាន​យក​ជើង​កៀស​កាយ​ចោល​វិញ ។  នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ នេះ​ដែរ គេ​ឃើញ​មាន​នគរបាល​ប៉ុ​ស្លិ​រ​អ​អ្គ​សុ​ភី​មក​ដល់​ដែរ តែ​មិនឃើញ​មាន​សកម្មភាព​អ្វី​ទេ ។ តាម​ការ​អះអាង​លោកនាយ​ប៉ុស្តិ៍​និយាយ​ថា ក្រែង​មាន​អំពើ​ហឹ​ង្សា​កើតឡើង ។ ទាស់​គ្នា​រឿង​ម្ចាស់​ដី និង​រឿង​ផ្នូរ​សព​នេះ ជាប់​ទាក់ទង​ដី​បញ្ចុះ​ផ្នូ​នេះ គឺ​ប្អូនថ្លៃ​សាច់ថ្លៃ​របស់​លោក​យាយ​លី​យោង បាន​លក់​ដី​រួម​ទាំង​ផ្នូ​សព​នេះ​ទៅ​ឱ្យ​អ្នក​ទី​២​ដែល​បាន​ហាមឃាត់​លោកយាយ​លី​យោង​មិន​អោយ​ពូន​ផ្នូរ​នេះ ។    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង