បុរសជនជាតិចិនម្នាក់ដេកស្លា.ប់ក្នុងថ្លុ.ក.ឈា.ម ខណៈសមត្ថកិច្ចដាក់ការសង្ស័យថាជាករណីអត្តឃាតកម្ម

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង៦ៈ០០នាទីល្ងាចថ្ងៃទី៣ធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងឌួងងៀបទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីបុរសជនជាតិចិនម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ ដែលប្រជាពលរដ្ឋសង្ស័យថា ជាករណីធ្វើអត្តឃាត…។ ភ្លាមៗ…នោះប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកអន្តរាគម និងបានប្រាប់អង្គភាព ព័ត៍មានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥:៤៥នាទី គេឃើញបុរសជនជាតិចិនម្នាក់ បានធ្វើដំណើរថ្មើរជើងម្នាក់ឯងតាមបណ្តោយផ្លូវបេតុងខាងលើ ក្នុងទិសដៅពីលិចទៅកើត លុះដើរមកដល់ចំណុចទីតាំងកើតហេតុ ក៏មិនឃើញបុរសរូបនោះធ្វើដំណើរទៅមុខបន្តទៀតនោះដែរ។ ដោយយល់ឃើញថា បុរសនោះគ្រាន់តែឈប់បត់ជើងតូចក៏គ្មាននរណាចាប់អារម្មណ៍ឡើយ ព្រោះត្រង់ចំណុចនោះមានព្រៃកំពតសក្ដិសមសម្រាប់បត់ជើងតូច ខណៈដែលរំលងបាន១៥នាទីក្រោយមក ក៏ឭសូរស្នូរកាំភ្លើងបានបន្លឺឡើងចេញពីចំណុចដែលបុរសនោះឈប់ ហើយមានការសង្ស័យនឹងបាននាំគ្នាទៅមើល ទើបឃើញថា​ បុរសជនជាតិចិននោះដេកស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ។  គួរជម្រាបថា ប្រភពពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា នៅវេលាម៉ោង៦:០០នាទីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងដូចបានជម្រាបជូនខាងលើ គឺពិតជាមានករណីជនជាតិចិនបាញ់សម្លាប់ខ្លួនដោយមិនដឹងមូលហេតុពិតប្រាកដមែន។ ប្រភពពីសមត្ថកិច្ចបន្តថា បុរសដែលជាជនជាតិចិនមានវ័យប្រហែល២៨ឆ្នាំ បានដេកស្លាប់ក្នុងថ្លុកឈាម ដោយដៃខាងស្តាំមានកាំភ្លើងខ្លីមួយដើមនៅក្នុងដៃ និងត្រង់ចំណុចសៀតផ្ការនៃក្បាលធ្លាយពីខាងស្តាំដល់ខាងឆ្វេង និងដាក់ការសង្ស័យជាបឋមថា ជាករណីធ្វើអត្តឃាតកម្ម។ សូមបញ្ជាក់ថា ពេលនេះសមត្ថកិច្ចជំនាញបាននិងកំពុងធ្វើកោសល្យវិច័យ និងបើកការស្រាវជ្រាវកំណត់អត្តសញ្ញាណជនរងគ្រោះ និងបន្តស្វែងរកសាច់ញាតិ្តដើម្បីសាកសួរព័ត៌មានបន្ថែម។ សម្រាប់ព័ត៌មានលម្អិតអង្គភាពសារព័ត៌មានយើងនឹងជម្រាបជូននាពេលក្រោយជាបន្តទៀត…៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង