ក្មេងទំនើងពីរក្រុម បើកឆាកប្រយុទ្ធគ្នាដូចរឿងហុងកុងចុងក្រោយម្នាក់ដេកពេទ្យ

ខេត្តបាត់ដំបង៖ ក្មេងទំនើងពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម ចុងក្រោយយុវជនឈាមរាវម្នាក់ត្រូវបានបញ្ចូនទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យ។​​​​ ហេតុការណ៍នេះ កើតទ្បើង​​នៅចំណុចផ្លូវកែងខាងមុខសាលាសម្តេចឪ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​​ នៅវេលាម៉ោង២៣ៈ៤៩នាទី យប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣…។  ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមក្មេងទំនើងពីរក្រុម ដែលភាគីខាងជនរងគ្រោះមានគ្នា០៤នាក់ និងភាគីម្ខាងទៀតមានគ្នាប្រហែល០៨ទៅ០៩នាក់ បានឈ្លោះប្រកែកគ្នាក្រោយមកភាគីដែលមានគ្នាច្រើន បានជិះម៉ូតូបញ្ឆោតឱ្យភាគីខាងជនរងគ្រោះដេញលុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវក្រុមជនដៃដល់យកឥដ្ឋការ៉ូឡាគប់ទៅលើក្រុមជនរងគ្រោះបណ្តាលឱ្យម្នាក់បែកក្បាលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។​​ ក្រោយកើតហេតុភ្លាមៗ កម្លាំងអន្តរាគមន៍នៃស្នងការនគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការស្រាវជ្រាវចាប់ខ្លួនក្រុមជនដៃដល់ និងបក្ខពួកបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីសាកសួរ​​ និងធ្វើកំណត់ហេតុចាត់ការបន្តតាមនីតិវិធី។  ក្នុងករណីខាងនេះ​​ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ បានសម្តែងការព្រួយបារម្ភជាខ្លាំង ក្រោយភូមិស្រុករបស់ខ្លួនកើនឡើងនៃក្រុមក្មេងទំនើងកាន់តែច្រើន ពួកគេបានប្រមូលផ្តុំគ្នាបង្កើតជាក្រុមបងតូចបងធំ គ្រប់គ្រងបែកចែកទឹកដីគ្នាគ្រប់គ្រងតាមតំបន់រៀងៗខ្លួន បើមានភាគីណាហ៊ានឈានជើងចូលទឹកដីក្រុមណាមួយនោះ គឺច្បាស់ជាមានជម្លោះកើតឡើង បង្កហិង្សាវាយកាប់ចាក់គ្នា គ្មានប្រណីដៃទេ រហូតដល់ពេលខ្លះមានអ្នករងគ្រោះថ្នាក់ដល់បាត់បង់ជីវិតក៏មានដែរ។ ប្រជាពលរដ្ឋ បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរសមត្ថកិច្ច ជួយបង្ក្រាបក្រុមក្មេងទំនើងទាំងនេះឱ្យអស់ពីភូមិស្រុក ដើម្បីសម្រេចបាននូវគោលនយោបាយភូមិ-ឃុំ-មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ។ តែទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ សូមសម្តែងការសាទរចំពោះអាជ្ញាធរសមត្ថកិច្ច ដែលបានខិតខំប្រឹងប្រែងតាមប្រមាញ់ចាប់ក្រុមក្មេងទំនើងទាំងនោះ យកមកអនុវត្តច្បាប់ ព្រោះបើចាប់មិនបានទេ ក្រុមក្មេងទំនើងទាំងនោះនឹងនៅតែបន្តដើរវាយគេឯង បង្កភាពអសន្តិសុខដល់សង្គមជាតិ​​ ធ្វើឱ្យគ្មាននរណាហ៊ានមកលេងកម្សាន្ត ក្នុងខេត្តបាត់ដំបងទៀតទ្បើយ៕​   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង