អ្នកកាសែតហ្វីលីពីនម្នាក់ត្រូវគេបា.ញ់សម្លា.ប់ពេលកំពុងផ្សាយផ្ទាល់ ខណៈប្រធានាធិបតីបញ្ជាឱ្យស៊ើបអង្កេត

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos Jr) កាលពីថ្ងៃអាទិត្យទី៥ ខែវិច្ឆិកា បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្លាប់អ្នកកាសែតហ្វីលីពីនម្នាក់ ហើយបានបញ្ជាឱ្យប៉ូលិសស៊ើបអង្កេត ដើម្បីនាំជនល្មើសមកកាត់ទោស។  សហភាពអ្នកកាសែតជាតិហ្វីលីពីន (NUJP) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកកាសែតម្នាក់ឈ្មោះ Juan Jumalon ត្រូវបានគេស្គាល់ថាជា DJ Johnny Walker ត្រូវបានបាញ់សម្លាប់ដោយជនមិនស្គាល់អត្តសញ្ញាណ ខណៈកំពុងផ្សាយផ្ទាល់ពីផ្ទះរបស់គាត់ក្នុងទីក្រុងភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃអាទិត្យ។  លោក ម៉ាកូស បានរៀបរាប់នៅក្នុងការបង្ហោះនៅលើវេទិកា X ថា៖«ការវាយប្រហារលើអ្នកសារព័ត៌មាននឹងមិនត្រូវបានគេអត់ឱនឱ្យនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់យើងទេ ហើយអ្នកដែលគំរាមកំហែងសេរីភាពសារព័ត៌មាននឹងប្រឈមមុខចំពោះផ្លូវច្បាប់»។ អ្នកឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយ NUJP ក៏បានថ្កោលទោសផងដែរចំពោះការសម្លាប់យ៉ាងសាហាវ នៅអំឡុងការផ្សាយបន្តផ្ទាល់នៃកម្មវិធីរបស់លោក Jumalon ។ ផ្ទះរបស់លោក Jumalon បានបម្រើការជាស្ថានីយវិទ្យុរបស់គាត់។ ការសម្លាប់របស់លោក Jumalon នាំទៅដល់ចំនួនអ្នកកាសែតបួននាក់ ដែលត្រូវបានសម្លាប់ចាប់តាំងពីលោក ម៉ាកូស ចូលកាន់តំណែងក្នុងខែមិថុនា ឆ្នាំ២០២២ និងកើនដល់១៩៩នាក់ ចាប់តាំងពីលទ្ធិប្រជាធិបតេយ្យត្រូវបានស្ដារឡើងវិញ នៅក្នុងប្រទេសហ្វីលីពីន ក្នុងឆ្នាំ១៩៨៦។ តួលេខនោះរួមមាន៣២នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុតែមួយក្នុងឆ្នាំ២០០៩។  ហ្វីលីពីន មានបរិយាកាសប្រព័ន្ធផ្សព្វផ្សាយសេរីបំផុតមួយនៅអាស៊ី ប៉ុន្តែប្រទេសនេះនៅតែជាកន្លែងគ្រោះថ្នាក់បំផុតមួយរបស់ពិភពលោកសម្រាប់អ្នកសារព័ត៌មាន ជាពិសេសនៅតាមបណ្តាខេត្ត។ សមាជិកអាស៊ានមួយនេះជាប់ចំណាត់ថ្នាក់ជាប្រទេសដ៏អាក្រក់បំផុតទីប្រាំបីនៅពេលនិយាយអំពីការកាត់ទោសឃាតក ដែលសម្លាប់អ្នកកាសែត នេះបើយោងតាមសន្ទស្សន៍និទ្ទណ្ឌភាពសកលឆ្នាំ២០២៣ ដែលចេញផ្សាយដោយគណៈកម្មាធិការដើម្បីការពារអ្នកសារព័ត៌មានដែលបានចេញផ្សាយនៅសប្តាហ៍នេះ៕   សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង