លោក​ ចូ បៃឌិន បង្ហាញការសង្ស័យលើចំនួនអ្នកស្លា.ប់នៅហ្កាហ្សា ក្រោយក្រសួងសុខាភិបាលប៉ាឡេស្ទីនអះអាងមនុស្ស​ជាង៦៥០០​នាក់​ត្រូវបានសម្លា.ប់

ក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សាបានឱ្យដឹងកាលពីថ្ងៃទី២៥តុលាកន្លងទៅនេះថា ចំនួនប្រជាជនក្នុងតំបន់ឡោមព័ន្ធដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា បានកើនឡើងពី៧៥៦នាក់រហូតដល់៦៥៤៦នាក់ ក្នុងនោះ​រួម​មាន​៖ កុមារ​ចំនួន២៧០៤នាក់ ខណៈមេដឹកនាំមហាអំណាចអាម៉េរិក លោក ចូ បៃឌិន បង្ហាញការសង្ស័យលើតួលេខនេះ។
ក្រសួងបានឱ្យដឹងនៅក្នុងការធ្វើបច្ចុប្បន្នភាពដែលបានបង្ហោះទៅកាន់កម្មវិធីតេឡេក្រាមថា មនុស្សបន្ថែមចំនួន ១ម៉ឺន៧ពាន់នាក់បានរងរបួស ដោយបន្ថែមថា តម្រូវការបុគ្គលិកពេទ្យមានការកើនឡើងយ៉ាងខ្លាំង ដោយសារតែកំណើននៃអ្នករបួសពីការវាយប្រហារឥតសំចៃដៃរបស់យោធាអ៊ីស្រាអែល។ ទន្ទឹមគ្នានោះ មន្ត្រីប៉ាឡេស្ទីនបានអះអាងថា ការវាយប្រហារលើបរិក្ខារពេទ្យបានសម្លាប់បុគ្គលិកពេទ្យចំនួន៧៣នាក់ និងបានបង្កការខូចខាតដល់ស្ថាប័នចំនួន៥៧។ ក្រសួងបានបន្តថា ខណៈកងកម្លាំងអ៊ីស្រាអែលបានចេញបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាភៀសខ្លួន ចេញពីភាគខាងជើងទៅភាគខាងត្បូងដើម្បីគេចពីការប្រយុទ្ធ ស្ទើរតែពីរភាគបីនៃចំនួនអ្នកស្លាប់ក្នុងសប្តាហ៍នេះ ត្រូវបានកត់ត្រានៅក្នុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីត។
ជុំវិញបញ្ហានេះ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានលើកឡើងថា លោកប្រាកដថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីតបណ្តាលឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិត ប៉ុន្តែលោកសង្ស័យលើចំនួនផ្លូវការដែលក្រសួងសុខាភិបាលរបស់ហ្កាហ្សាបានប្រកាស។ លោក បៃឌិន បានឆ្លើយតបទៅនឹងសំណួរអំពីចំនួនអ្នកស្លាប់របស់ជនស៊ីវិលក្នុងរយៈពេលជាងពីរសប្តាហ៍នេះថា៖«ខ្ញុំមិនគិតថា ប៉ាឡេស្ទីនប្រកាសអំពីចំនួនមនុស្សត្រូវបានសម្លាប់ពិតប្រាកដនោះទេ តែខ្ញុំ​ប្រាកដ​ថា​ ជនស៊ីវិល​ស្លូត​ត្រង់​ត្រូវ​បាន​សម្លាប់ ហើយ​នោះជាផលប៉ះពាល់នៃការ​ធ្វើ​សង្រ្គាម»។ លោក បៃឌិន បានបន្តថា៖«អ៊ីស្រាអែលគួរតែប្រុងប្រយ័ត្ន និងប្រាកដថាពួកគេកំពុងផ្តោតលើការវាយប្រហារអ្នកដែលកំពុងឃោសនាសង្រ្គាមនេះ ប្រឆាំងនឹងអ៊ីស្រាអែល»។ ប៉ុន្តែខ្ញុំមិនមានទំនុកចិត្តលើចំនួនតួលេខអ្នកស្លាប់ដែល​ប៉ាឡេស្ទីន​កំពុង​ប្រើនោះឡើយ»។
មែនទែនទៅ នេះមិនមែនជាលើកដំបូងឡើយដែលទីក្រុងវ៉ាស៊ីនតោន មានមន្ទិលចំពោះតួលេខដែលចេញផ្សាយដោយពួកហាម៉ាស។ មន្ត្រីតំបន់ហ្កាហ្សាបាននិយាយថា យ៉ាងហោចណាស់មនុស្ស៤៧១នាក់ ត្រូវបានសម្លាប់ នៅក្នុងការផ្ទុះនេះ ហើយជាង៣០០នាក់បានរងរបួស។ ប៉ុន្តែ សហគមន៍ស៊ើបការណ៍សម្ងាត់អាម៉េរិក បានប៉ាន់ប្រមាណថា មានមនុស្សពី១០០ ទៅ៣០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅមន្ទីរពេទ្យ Al-Ahli al-Arabi ក្នុងតំបន់ហ្កាហ្សា នេះបើយោងតាមការដកស្រង់នៃឯកសារដែលបានឃើញកាលពីថ្ងៃព្រហស្បតិ៍ទី១៩តុលា ដោយសារព័ត៌មាន AFP។ តួលេខនេះ គឺតិចជាងឆ្ងាយបើធៀបនឹងចំនួនជិត៥០០នាក់ ដែលអាជ្ញាធរសុខាភិបាលនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានពិពណ៌នាដំបូង៕

អត្ថបទដែលជាប់ទាក់ទង