ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅតំបន់ជួរភ្នំហិម៉ាឡៃក្នុងប្រទេសឥណ្ឌា កើនដល់៤២នាក់ ខណៈមនុស្សរាប់រយនាក់ទៀតកំពុងបាត់ខ្លួន

មន្ត្រីរដ្ឋាភិបាលឥណ្ឌា បានអះអាងកាលពីថ្ងៃសុក្រ ទី៦តុលាថា មនុស្សយ៉ាងហោចណាស់៤២នាក់បានស្លាប់ បន្ទាប់ពីបឹងទឹកកកមួយបាក់ច្រាំង និងបង្កជាទឹកជំនន់ជន់លិចភ្លាមៗនៅតំបន់ជួរភ្នំហិម៉ាឡៃ នៃប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបន្តដុតដៃដុតជើងស្វែងរកអ្នកបាត់ខ្លួនជិត១៥០នាក់បន្ថែមទៀត…។  ទឹកបឹងឡូណាក់ (Lhonak) ក្នុងរដ្ឋស៊ិកគីម(Sikkim)ភាគឦសាននៃភ្នំហិម៉ាឡៃ បានហក់ឡើងយ៉ាងគំហុក កាលពីថ្ងៃពុធទី៤តុលា បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងការធ្លាក់ព្រិលដែលបណ្តាលឱ្យមានទឹកជំនន់ដ៏ខ្លាំងនៅក្នុងទន្លេទីស្តា (Teesta)។ ទឹកជំនន់នេះ គឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយនៅក្នុងតំបន់ក្នុងរយៈពេលជាង៥០ឆ្នាំ និងចុងក្រោយបំផុតនៅក្នុងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរជាបន្តបន្ទាប់ដែលបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៅតំបន់ជួរហិម៉ាឡៃយ៉ា នៃអាស៊ីខាងត្បូង ខណៈអ្នកវិទ្យាសាស្រ្តព្រមានជាប្រចាំអំពីបម្រែបម្រួលអាកាសធាតុ។ អាជ្ញាធរក្នុងទីក្រុង ស៊ិកគីម បានលើកឡើងថា គ្រោះមហន្តរាយដែលបានកើតឡើងមុនរដូវកាលនៃពិធីបុណ្យ និងទេសចរណ៍ដ៏ពេញនិយមនៅក្នុងរដ្ឋដ៏ស្រស់បំព្រងមួយនេះ បានប៉ះពាល់ និងគំរាមគំហែងអាយុជីវិតមនុស្ស២២០០០នាក់ ខណៈចំនួនអ្នកបាត់ខ្លួនបានកើនឡើងដល់១៤២នាក់ក្នុងនោះមានទាហាន ១៥នាក់។  កាលពីព្រឹកថ្ងៃសុក្រ លោក សេតេន ប៊ូទៀ (Tseten Bhutia) ដែលជាមន្ត្រីរដ្ឋបាននិយាយថា ក្រុមជួយសង្គ្រោះកំពុងជួបការលំបាក ខណៈដែលតំបន់នៅភាគខាងជើងទីក្រុងស៊ិកគីម ត្រូវបានកាត់ផ្តាច់ទាំងស្រុង។ លើសពីនេះ លោកក៏បានបញ្ជាក់ថា មនុស្សប្រហែល២៤០០នាក់ត្រូវបានជម្លៀសចេញរហូតមកដល់ពេលនេះ ហើយមនុស្ស៧៦០០នាក់ស្ថិតនៅក្នុងជំរំសង្គ្រោះ។ ជាការពិតណាស់ ស្ពានចំនួន១៥ខ្សែត្រូវបានទឹកវាយបំបាក់ នឹងហូរនាំទៅឆ្ងាយ ដែលរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះ។ គួរបញ្ជាក់ថា រដ្ឋស៊ិកគីម ដែលជារដ្ឋពុទ្ធសាសនាតូចមួយដែលមានប្រជាជនប្រហែល៦៥០០០០នាក់ ដែលស្ថិតនៅលើភ្នំចន្លោះប្រទេសនេប៉ាល់ ប៊ូតង់ និងប្រទេសចិន ខណៈដែលផ្លូវហាយវេដ៏សំខាន់តភ្ជាប់ទៅប្រទេសផ្សេងទៀតបានបាក់ស្រុត និងខូចខាតខ្ទេចខ្ទីអស់ដោយសារសំណឹកទឹកហូរ…៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង