ហ្វីលីពីន​ចេញ​ការ​ព្រមានពីបញ្ហា​សុខភាព ខណៈរដ្ឋធានី-ខេត្តគ្របដណ្ដប់ដោយផ្សែងអ័ព្ទភ្នំភ្លើង

ភ្នំភ្លើងតូចមួយនៅជិតរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន បានបញ្ចេញស្ពាន់ធ័រឌីអុកស៊ីត និងផ្សែងអ័ព្ទភ្នំភ្លើងលើសពីកម្រិតមធ្យមនៅថ្ងៃទី២២កញ្ញានេះ ដែលជំរុញឱ្យអាជ្ញាធរបិទសាលារៀននៅក្នុងទីក្រុងចំនួន៥ និងទីប្រជុំជនជាច្រើនទៀត និងជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ។  វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានឱ្យដឹងថា មានកំណើននៃកម្អែភ្នំភ្លើងនៅក្នុងបឹងភ្នំភ្លើង Taal ដែលបណ្តាលឱ្យមានឧស្ម័នភ្នំភ្លើងជាយ៉ាងច្រើនបែបនេះ។ ការ​ប្រកាស​អាសន្ន​នៅ​កម្រិត​ទី១ លើ​មាត្រដ្ឋាន​ប្រាំ​កម្រិត ដែល​បង្ហាញ​ពីការ​កើន​ឡើង​បន្តិច​នៃ​ការ​រញ្ជួយ​ដី​ភ្នំភ្លើង និង​សកម្មភាព​ចំហាយ ឬ​ឧស្ម័ន។ ស្ថិតនៅក្នុងខេត្ត Batangas ក្បែរទីក្រុងម៉ានីល ភ្នំភ្លើង Taal កម្ពស់៣១១ម៉ែត្រ គឺជាភ្នំភ្លើងសកម្មបំផុតក្នុងចំណោមភ្នំភ្លើងចំនួន២៤ នៅក្នុងប្រទេសហ្វីលីពីន។ នៅក្នុងខែមករា ឆ្នាំ២០២០ ភ្នំភ្លើងនេះបានបញ្ចេញផេះ និងចំហាយទឹកឡើងដល់កម្ពស់១៥គីឡូម៉ែត្រ ដោយបង្ខំមនុស្សជាង១សែននាក់ភៀសខ្លួនរកទីទួលសុវត្ថិភាព និងបានលុបចោលជើងហោះហើររាប់សិបដង។ ប្រធានផ្នែកប្រតិបត្តិការនៅការិយាល័យការពារជនស៊ីវិលភាគខាងត្បូងនៃទីក្រុងម៉ានីល បានប្រាប់វិទ្យុ DWPM ថាមានរបាយការណ៍អំពីជំងឺផ្លូវដង្ហើមនៅក្នុងខេត្ត Batangas ដោយសារតែសារធាតុពុលពីផ្សែងអ័ព្ទភ្នំភ្លើង។ ផ្សែងអ័ព្ទភ្នំភ្លើងមានដំណក់ទឹកតូចៗដែលមានឧស្ម័នភ្នំភ្លើងដូចជាស្ពាន់ធ័រ ដែលអាចបណ្តាលឱ្យរលាកភ្នែក បំពង់ក និងផ្លូវដង្ហើម។ អាជ្ញាធរបានប្រកាសឱ្យបិទទ្វារសាលារៀននៅតាមទីប្រជុំជន និងទីក្រុងជាច្រើនដែលនៅជុំវិញតំបន់ភ្នំភ្លើងនេះ ព្រមទាំងនៅក្នុងទីក្រុងចំនួនប្រាំនៅក្នុងតំបន់រដ្ឋធានីផងដែរ។ ទន្ទឹមគ្នានោះ អាជ្ញាធរអាកាសចរណ៍បានប្រាប់អ្នកបើកយន្តហោះឱ្យជៀសវាងការហោះហើរនៅជិតប្រជុំភ្នំភ្លើង ដោយសារតែផេះ និងបំណែកពីបន្ទុះភ្លាមៗអាចបង្កគ្រោះថ្នាក់ដល់យន្តហោះ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង