ភ្លៀងធ្លាក់ឥតស្រាកស្រាន្ដ បណ្តាលឱ្យបាក់ដីជាច្រើនកន្លែង និងមនុស្សជាង១ពាន់នាក់រងគ្រោះដោយទឹកជំនន់នៅភាគខាងត្បូងប្រទេសចិន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ដោយសារចំហាយឥទ្ធិពលព្យុះទីហ្វុង «Haikui» ភ្លៀងធ្លាក់ឥតឈប់ឈរ អស់រយៈពេលជាច្រើនថ្ងៃ បណ្តាលឱ្យមានការរអិលបាក់ស្រុតដីជាង១០០កន្លែង អ្នកស្រុកប្រហែល១៣៦០នាក់ ត្រូវបានរងគ្រោះដោយទឹកជំនន់ និងមនុស្សយ៉ាងហោចណាស់៧នាក់បានស្លាប់នៅភាគខាងត្បូងនៃប្រទេសចិន…។  ព្យុះកំណាចទីហ្វុង «Haikui» បានបោកបក់មកកាន់ភាគខាងត្បូងប្រទេសចិន កាលពីប្រាំបីថ្ងៃមុន ហើយចាប់តាំងពីពេលនោះមក ភ្លៀងធ្លាក់ឥតឈប់ឈរនៅភាគនិរតីនៃខេត្ត ក្វាងស៊ី (Guangxi) ។  ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា ខ្យល់ព្យុះបន្តបោកបក់ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ នៅក្នុងតំបន់ភាគច្រើននៃទីក្រុងយូលីន (Yulin) បានបណ្តាលឱ្យមានការបាក់ស្រុតដីចំនួន១១៥កន្លែង និងបានបំផ្លាញផ្លូវថ្នល់ ដើមឈើ ធ្វើឱ្យមានទឹកជំនន់ ខណៈអាជ្ញាធរចេញការព្រមានអំពីភាពអាសន្ននៅលើផ្លូវជាតិ និងផ្លូវខេត្ត។ នៅតំបន់ភាគខាងត្បូងជិតឆ្នេរសមុទ្រ នៃទីក្រុងប៉ីហៃ Beihai ត្រូវបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង។ គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះដុតដៃដុតជើងជាខ្លាំង ដើម្បីជម្លៀសអ្នកស្រុករកទីទួលសុវត្ថិភាព ខណៈមនុស្សប្រហែល១៣៦០នាក់ ត្រូវបានរងគ្រោះដោយសារទឹកជំនន់នៅថ្ងៃអង្គារនេះ..៕    សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង