មនុស្សស្លា.ប់ជិត៣០០នាក់ក្នុងគ្រោះរញ្ជួយដី៧,២រ៉ិចទ័រនៅប្រទេសម៉ារ៉ុក

គ្រោះរញ្ជួយដីដ៏សាហាវមួយបានវាយប្រហារលើភ្នំ High Atlas របស់ប្រទេសម៉ារ៉ុកកាលពីល្ងាចថ្ងៃសុក្រ ទី៨កញ្ញា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩៦នាក់ រួមទាំងបានបំផ្លិចបំផ្លាញអគារ ហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យអ្នករស់នៅក្នុងទីក្រុងធំៗ ប្រញាប់ប្រញាល់ចេញពីផ្ទះរបស់ពួកគេរកទីទួលសុវត្ថិភាព…។  អ្នកស្រុកក្នុងទីក្រុង Marrakech បាននិយាយថា អគារមួយចំនួនបានដួលរលំនៅក្នុងទីក្រុងចាស់ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ខណៈទូរទស្សន៍ក្នុងស្រុកបានបង្ហាញពីរូបភាពនៃវិហារឥស្លាមដែលដួលរលំជាមួយនឹងកម្ទេចថ្មធ្លាក់សង្កត់លើរថយន្ត។ លើសពីនេះ ក្រសួងមហាផ្ទៃបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ការរញ្ជួយដីដ៏ព្រឺព្រួចបានវាយប្រហារខេត្ត Al Haouz, Ouarzazate, Marrakech, Azilal, Chichaoua និង Taroudant ខណៈចំនួនអ្នកស្លាប់ បាធ្វើឱ្យទីក្រុងមានភាពស្ងប់ជ្រងំ។  ជុំវិញគ្រោះធម្មជាតិដ៏រន្ធត់នេះ មជ្ឈមណ្ឌលភូគព្ភសាស្ត្ររបស់ប្រទេសម៉ារ៉ុកបានអះអាងថា គ្រោះរញ្ជួយដីបានវាយប្រហារនៅតំបន់ Ighil នៃភ្នំ High Atlas ជាមួយនឹងកម្រិត ៧,២រ៉ិចទ័រ។ ជាការពិតណាស់ តំបន់Ighil ជាតំបន់ភ្នំដែលមានភូមិកសិកម្មតូចៗ មានចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Marrakech។ សូមរំឭកថា គ្រោះរញ្ជួយដីនេះគឺជាឃាតកធម្មជាតិដែលសម្លាប់មនុស្សច្រើនបំផុតរបស់ប្រទេសម៉ារ៉ុកចាប់តាំងពីការរញ្ជួយដីឆ្នាំ២០០៤ នៅជិតទីក្រុង Al Hoceima នៅភាគខាងជើងភ្នំ Rif ដែលបានសម្លាប់មនុស្សជាង ៦០០នាក់៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង