ឆ្នាំនេះដើរលេងភ្ជុំកុំភ្លេចរាយការណ៍ទៅអាជ្ញាធរ ក្រសួងនឹងចាត់វិធានការច្បាប់លើប្រតិបត្តិករទេសចរណ៍ណាកំណត់តម្លៃខ្ពស់ហួសហេតុ

រាជធានីភ្នំពេញ៖ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលាខាងមុខនេះ។ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត អនុវត្តតាមនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ព្រមទាំងព្រមានចាត់វិធានការច្បាប់ ចំពោះអាជីវករ និងប្រតិបត្តិករទេសចរណ៍ណា កំណត់តម្លៃខ្ពស់ហួសហេតុ…។ យោងតាមសារាចរណែនាំរបស់ក្រសួងបានឱ្យដឹងថា មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ធ្វើការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល សេវាឱ្យបានសមរម្យ។ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូន ភ្ញៀវបានដឹងជាមុនជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ក្រសួងសង្កត់ធ្ងន់ថា៖«ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។  ទន្ទឹមនឹងនោះ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ធ្វើការណែនាំម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ពិសេសភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់ដូរ តាមដងផ្លូវ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ អំពីសុវត្ថិភាពចំណីអាហារ ការថែរក្សាអនាម័យ ដោយខិតខំលុបបំបាត់ការបោះសំរាម និងកាកសំណល់ផ្សេងៗ។ ត្រូវចាត់វិធានការតាមគ្រប់រូបភាព ដើម្បីធានាឱ្យបានអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ។ បុគ្គលិកបម្រើការត្រូវមានឯកសណ្ឋានឱ្យបានសមរម្យ។ បន្ថែមលើនេះ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវណែនាំម្ចាស់ទូកដ កាណូតទេសចរណ៍ និងមធ្យោបាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង បឹង មិនឱ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារសង្គ្រោះនានាជាចាំបាច់។  លិខិតដដែល ក៏បានគូសបញ្ជាក់បន្ថែមថា មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចេះសហការជាមួយមន្ទីរធម្មការ និងសាសនា រៀបចំវត្តទេសចរណ៍គំរូ សម្រាប់ភ្ញៀវទេសចរអន្តរជាតិអាចស្វែងយល់ពីប្រវត្តិ និងទំនៀមទម្លាប់នៃការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ជាមួយគ្នានេះ ក៏ត្រូវសហការជាមួយមន្ទីរព័ត៌មាន និងវិស័យឯកជន ផ្សព្វផ្សាយពីរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានទូលំទូលាយ៕   សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង