មីយ៉ាន់ម៉ាវាយបកការថ្កោលទោសរបស់អាស៊ានថា ជា«ការសម្រេចចិត្តមានភាពលំអៀង និងឯកតោភាគី»

ក្រោយមេដឹកនាំអាស៊ីអាគ្នេយ៍ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាខ្លាំង ចំពោះការបន្តប្រើប្រាស់អំពើហិង្សាក្នុងប្រទេសមីយ៉ានម៉ា និងបានស្តីបន្ទោសដោយផ្ទាល់ជុំវិញការបង្ហូរឈាមទៅលើមេដឹកនាំរបបសឹក ដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ភ្លាមៗ..របបសឹកបានច្រានចោលការថ្កោលទោសនេះ ហើយចាត់ទុកថា ជាការសម្រេចចិត្តមានភាពលំអៀង និងឯកតោភាគី…។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិក១០ប្រទេស កំពុងជួបប្រជុំគ្នានៅទីក្រុងហ្សាការតា។ មិនមានវត្តមានមីយ៉ាន់ម៉ាចូលរួមឡើយ។ បន្ទាប់ពីមេដឹកនាំរបស់របបយោធា បានបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច​ ដើម្បីបញ្ចប់វិបត្តិ ដែលពួកគេបានយល់ព្រមជាមួយអាស៊ានពីរបីខែបន្ទាប់ពីការដណ្តើមអំណាច។ អំពើហិង្សាបាន​ធា្លក់ទៅក្នុងសភាពអាក្រក់ទៅៗ ចាប់តាំងពីពេលនោះមក ដោយយោធាត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមពាក់ព័ន្ធនឹងការវាយប្រហាររបស់ខ្លួនទៅលើជនស៊ីវិល។ មេដឹកនាំអាស៊ាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំជំរុញឱ្យកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា និងភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា កាត់បន្ថយអំពើហិង្សា និងបញ្ឈប់ការវាយប្រហារលើជនស៊ីវិល ផ្ទះសម្បែង និងកន្លែងសាធារណៈ ដូចជាសាលារៀន មន្ទីរពេទ្យ ទីផ្សារជាដើម។ សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «យើង​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ហិង្សា​ ដែល​កំពុងបន្ត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។  នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយកាសែត Global New Light of Myanmar នៅថ្ងៃពុធទី៦ ខែកញ្ញានេះ ក្រសួងការបរទេសមីយ៉ាន់ម៉ា បានច្រានចោលសេចក្តីថ្លែងការណ៍របស់អាស៊ាន ដោយបានវាយបកវិញថា៖ «ទស្សនៈនេះមិនត្រឹមត្រូវឡើយ ហើយការសម្រេចចិត្តមានភាពលំអៀង និងឯកតោភាគី»។ ដោយកត់សម្គាល់ថា មេដឹកនាំរបស់ខ្លួនមិនមានវត្តមានក្នុងអង្គប្រជុំនៅហ្សាការតា សេចក្តីថ្លែងការណ៍របស់ក្រសួងដដែល បានសង្កត់ធ្ងន់ថា គំនិត និងយោបល់របស់ខ្លួន មិនត្រូវបានអាស៊ានយកមកពិចារណានោះទេ។  សូមបញ្ជាក់ថា មីយ៉ាន់ម៉ា គ្រោងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦ ប៉ុន្តែដោយសារប្រទេសនេះគ្មានវឌ្ឍនភាពលើការអនុវត្តផែនការសន្តិភាព មេដឹកនាំក្នុងតំបន់បានយល់ព្រមថា ហ្វីលីពីននឹងកាន់តួនាទីនេះ នៅឆ្នាំ២០២៦ ជំនួសវិញ។ តំណែងប្រធានអាស៊ានជាធម្មតាត្រូវបានផ្លាស់ប្ដូរវេនជារៀងរាល់ឆ្នាំ ដោយផ្អែកលើលំដាប់អក្ខរក្រមនៃឈ្មោះភាសាអង់គ្លេសនៃប្រទេសសមាជិក។ ប្រទេសមីយ៉ាន់ម៉ា ដែលបានចូលជាសមាជិកអាស៊ាន ក្នុងឆ្នាំ១៩៩៧ បានកាន់តំណែងប្រធានជាលើកដំបូងនៅក្នុងឆ្នាំ២០១៤ ក្នុងអំឡុងពេលនៃការគ្រប់គ្រងពាក់កណ្តាលស៊ីវិល៕  សម្រួលដោយ  ទៀង  បុណ្ណរី

 
 
 
អត្ថបទដែលជាប់ទាក់ទង