ចិន ចេញការព្រមានកម្រិតខ្ពស់ ខណៈព្យុះទីហ្វុង Saola កំពុងឆ្ពោះទៅកាន់ហុងកុង

ប៉េកាំង៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិន បានចេញការព្រមានកម្រិតខ្ពស់អំពីព្យុះទីហ្វុង ខណៈព្យុះទីហ្វុងសាវឡា (Saola) បានបោកបក់ទៅជិតឆ្នេរ សមុទ្រភាគអាគ្នេយ៍ បង្កការគំរាមកំហែងដល់ទីក្រុងហុងកុង និងមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗផ្សេងទៀត នៅក្នុងខេត្តក្វាងទុង។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។  មន្រ្តីឧតុនិយមចិន បានចេញការព្រមាន «កម្រិតពណ៌ក្រហម» អំពីព្យុះទីហ្វុង នៅម៉ោង ៦ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។ ចំណែក ទីភ្នាក់ងារឧតុនិយមជាតិ បានឲ្យដឹងថា ព្យុះទីហ្វុង Saola ដែលបច្ចុប្បន្នស្ថិតនៅចម្ងាយប្រហែល ២៩៥គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃខេត្តក្វាងទុង នឹងបក់បោកទៅភាគពាយព្យកាត់សមុទ្រចិនខាងត្បូង ក្នុងល្បឿនប្រហែល ១០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយខិតជិតឆ្នេរសមុទ្រនៃខេត្តក្វាងទុង បន្តិចម្តងៗ បន្ទាប់មកទើបថយចុះឥទ្ធិពល។ រីឯ កម្លាំងខ្យល់នៃព្យុះនេះ នៅម៉ោង ៩ព្រឹកនេះ អាចមានល្បឿន ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងអាចទៅដល់ទីក្រុងហុងកុង នៅវេលារយប់ថ្ងៃទី១ ខែកញ្ញា។  គួរបញ្ជាក់ថា ឥទ្ធិពលនៃព្យុះ Saola ក៏កំពុងប៉ះពាល់ដល់ខេត្តហ្វូជៀន ផងដែរ ដែលបើតាមវីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គម មានរលកបោកបក់ខ្លាំង នៅតាមឆ្នេរសមុទ្រ។ រដ្ឋបាលឧតុនិយមនៃទីក្រុងស៉ឺស៉ឺ (Shishi) បានចេញការព្រមានពណ៌ខៀវ អំពីព្យុះទីហ្វុង៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង