ប្រទេសឡាវព្យាករណ៍តម្លៃម្ហូបអាហារ និងផលិតផលផ្សេងទៀត នឹងកើនឡើង១០ភាគរយ​នៅឆ្នាំនេះ

នាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងវៀងចន្ទន៍ បានប៉ាន់ប្រមាណថា តម្លៃអាហារ និងផលិតផលសំខាន់ៗផ្សេងទៀត នៅក្នុងប្រទេសឡាវនឹងកើនឡើងពី៥ភាគរយទៅ១០ភាគរយ នៅប៉ុន្មានខែចុងក្រោយ ក្នុងឆ្នាំនេះ…។  លោកស្រី វ៉ាន់ម៉ានី​ ភីម៉ាសានី ប្រធាននាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងវៀងចន្ទន៍ បានឱ្យដឹងថា តម្លៃផលិតផលនៅក្នុងប្រទេសឡាវ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ផលិតកម្មក្នុងស្រុកមាន៤០,២៥ភាគរយ ខណៈដែលប្រទេសនេះ បាននាំចូលទំនិញឧស្សាហកម្ម និងទំនិញប្រើប្រាស់ច្រើនបំផុត។ បើ​តាម​លោកស្រី វ៉ាន់ម៉ានី តម្លៃ​នៃ​ការ​រស់​នៅ​ក្នុង​ប្រទេស​ឡាវ​ បាន​កើន​ឡើង​ដោយ​សារ​អត្រា​អតិផរណា​ជាង៤០ភាគ​រយ ចាប់​តាំង​ពី​ឆ្នាំ​មុន ខណៈមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃទំនិញប្រើប្រាស់ និងត្រូវបានរងផលប៉ះពាល់ដោយការប្រែប្រួលនៃអត្រាប្តូរប្រាក់។  របាយការណ៍របស់ Vientiane Times បានឱ្យដឹងថា អាជ្ញាធរបានដាក់ការត្រួតពិនិត្យតម្លៃលើតម្រូវការជាមូលដ្ឋានចំនួន២៣ប្រភេទ ដូចជាសាច់ជ្រូក អង្ករ និងឧស្ម័នធម្មជាតិ ដើម្បីព្យាយាមបន្ថយអត្រាអតិផរណា។ បន្ថែមលើនោះ នាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មនៃទីក្រុងវៀងចន្ទន៍ បានជំរុញឱ្យមន្ត្រីរដ្ឋាភិបាលគ្រប់គ្រងតម្លៃផលិតផលក្នុងស្រុក និងអន្តរជាតិ ដើម្បីកែលម្អសន្តិសុខស្បៀងនៅក្នុងប្រទេស ខណៈកំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ ភាពគ្មានការងារធ្វើខ្ពស់ និងកំណើនថ្លៃប្រេងឥន្ធនៈ។ ការស្ទង់មតិដែលធ្វើឡើងដោយធនាគារពិភពលោក បានបង្ហាញថា ជាងបីភាគបួននៃគ្រួសារដែលរងផលប៉ះពាល់នៅក្នុងប្រទេសឡាវ បានកាត់បន្ថយបរិមាណម្ហូមអាហារ ឬប្តូរទៅបរិភោគអាហារដែលមានតម្លៃថោក ខណៈជាងពាក់កណ្តាលនៃពួកគេ បានកាត់បន្ថយការចំណាយរបស់លើផ្នែកសុខភាព និងការអប់រំ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង