Today Internet

ចិនដាក់ចេញនូវវិធានការបន្ទាន់សម្រាប់ខេត្តចំនួន២ ខណៈព្យុះទីហ្វុង Saola ជិតទៅដល់

ប៉េកាំង៖ ព្យុះទីហ្វុងសាវឡា (Saola) ដែលនៅចម្ងាយរាប់រយគីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ចិន បានបង្ខំឲ្យខេត្តនានាដាក់ចេញ វិធានការឆ្លើយតបបន្ទាន់នៅថ្ងៃអង្គារនេះ និងការអំពាវនាវឲ្យទូកនេសាទទាំងអស់ត្រឡប់ចូលកំពង់ផែ តាមបណ្តោយឆ្នេរសមុទ្រភាគអាគ្នេយ៍វិញ ចំពេលដែលមានខ្យល់បក់បោកពាសពេញសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។  ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ខេត្តក្វាងទុង (Guangdong) បានចេញសេចក្តីប្រកាសអាសន្នកម្រិតខ្ពស់ សម្រាប់ខ្យល់បក់ខ្លាំងបណ្តាលមកពីព្យុះទីហ្វុង Saola ហើយខេត្តហ្វូជៀន (Fujian) បានរក្សាការព្រមានកម្រិតទី ៥ ដោយហៅឲ្យទូកនេសាទទាំងអស់ត្រឡប់ចូលកំពង់ផែវិញ។ ជាមួយគ្នានេះ សេវាកម្មស្រឡាងដឹកអ្នកដំណើរក្នុងទីក្រុងសៀមិន (Xiamen) របស់ខេត្តហ្វូជៀន ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ រីឯ ខេត្តដ៏ទៃទៀត ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។  គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារឧតុនិយមជាតិ គេនៅមិនទាន់ប្រាកដពីដំណើរនៃព្យុះ Saola នេះទេ ប៉ុន្តែឥទ្ធិពលរបស់វា មានលក្ខណៈស្រដៀងនឹងព្យុះទីហ្វុង Haikui ដែលធ្លាក់នៅភាគពាយ័ព្យតំបន់ប៉ាស៊ីហ្វិក កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយបង្កគ្រោះថ្នាក់ក្នុងកម្រិតជាព្យុះទីហ្វុង ទី៤ ដែលបោកបក់លើប្រទេសចិនក្នុងឆ្នាំ ២០២៣នេះ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង