Today Internet

ចិន៖ ទីក្រុងប៉េកាំង កត់ត្រាកម្រិតទឹកភ្លៀងធ្លាក់ច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១៤០ឆ្នាំ

ប៉េកាំង៖ អាជ្ញាធរឧតុនិយមចិន បាននិយាយថាភ្លៀងដែលបានធ្លាក់លើទីក្រុងប៉េកាំង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺជាភ្លៀងធ្លាក់ច្រើនបំផុត មិនធ្លាប់មានក្នុងរយៈពេល ១៤០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។  មន្ត្រីឧតុនិយមប្រចាំទីក្រុងប៉េកាំង បានគូសបញ្ជាក់នៅថ្ងៃពុធនេះដូច្នេះថា «កម្រិតអតិបរមានៃបរិមាណភ្លៀងធ្លាក់ដែលត្រូវបានកត់ត្រា អំឡុងព្យុះ មានដល់ ទៅ ៧៤៤.៨មីលីម៉ែត្រ នៅឯអាងស្ដុកទឹក វ៉ាងជីយ័ន (Wangjiayuan) ក្នុងទីក្រុងឆាងពីង (Changping)… ហើយនេះជាកម្រិតទឹកភ្លៀងធ្លាក់ច្រើនបំផុត មិនធ្លាប់មានក្នុងរយៈពេល ១៤០ឆ្នាំមកនេះ»។  គួរបញ្ជាក់ថា ព្យុះទីហ្វុង Doksuri បានបក់បោកក្នុងទិសដៅឆ្ពោះទៅភាគខាងជើង នៃប្រទេសចិន បន្ទាប់ពីបានវាយប្រហារលើខេត្តហ្វូជាំង (Fujian) នៃភាគខាងត្បូងប្រទេស កាលពីសប្ដាហ៍មុន និងក្រោយវាយប្រហារលើប្រទេសហ្វីលីពីន។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនកាលពីថ្ងៃអង្គារ មនុស្សយ៉ាងហោច ១១នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅទីក្រុងប៉េកាំង ខណៈ១៣នាក់បានបាត់ខ្លួន៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង