សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលបានវត្ថុបុរាណធ្វើពីសំរឹទ្ធ និងដែក ៧ប្រភេទយកមកថែរក្សា

ខេត្តសៀមរាប៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានទទួលវត្ថុបុរាណចំនួន៧ប្រភេទ ផលិតឡើងអំពីសំរឹទ្ធ និងដែក ដែលប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបមួយរូបមានឈ្មោះ អេង ណាំ បានស្ម័គ្រចិត្តប្រគល់ជូនសារមន្ទីរយកមកថែរក្សា និងអភិរក្សបន្ត។   យោងតាម អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនាថ្ងៃទី៣០មិថុនាថា វត្ថុបុរាណដែលពលរដ្ឋយកមកប្រគល់ជូនសារមន្ទីរថែរក្សាមានចំនួន១២រួមមាន៖ កងដៃតូចធំចំនួន៦ កញ្ចក់សំរិទ្ធចំនួនមួយ ផ្តិលទឹកមួយ ចានមួយ កណ្តឹងមួយ កាំបិតមួយ និងពូថៅចំនួនមួយទៀត។ ហើយភាគច្រើននៃវត្ថុបុរាណទាំងនោះអាចសនិ្នដ្ឋានបានថា ផលិតឡើងអំពីសំរឹទ្ធ និងកាំបិតមានផ្លែដែក។ ទន្ទឹមនឹងនោះ លោក ភួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា នៅពេលទទួលបានវត្ថុទាំងអស់នេះ ក្រុមការងារមិនទាន់អាចកំណត់អត្តសញ្ញាណថា វត្ថុទាំងអស់នេះស្ថិតក្នុងសម័យកាលណាមួយបានឡើយ។ គ្រាន់តែប្រជាពលរដ្ឋប្រគល់ជូនបានបញ្ជាក់ថា កងដៃធំចំនួនពីរ មានប្រភពមកពីខេត្តបាត់ដំបង និងវត្ថុក្រៅពីនោះ មានប្រភពមកពីខេត្តឧត្តរមានជ័យ។ សារមន្ទីរក៏កំពុងស្នើសុំអ្នកជំនាញមកវិភាគ និងកំណត់អាយុកាលនៃវត្ថុទាំងនោះ ដើម្បីធ្វើការថែទាំ និងសម្អាត បើសិនជាមានលទ្ធភាពសារមន្ទីរ និងត្រៀមបង្ហាញជូនសាធារណជន អ្នកស្រាវជ្រាវបានចូលទស្សនាផងដែរ។ ជាមួយគ្នានេះលោកបានបន្តថា សារមន្ទីរពិតរីករាយស្វាគមន៍ការប្រគល់ជូនវត្ថុបុរាណផ្សេងៗ ដែលប្រជាពលរដ្ឋបានរកឃើញឬរក្សាទុកនៅផ្ទះបានស្ម័គ្រចិត្តមកកាន់សារមន្ទីរ ដើម្បីយកមកថែទាំ និងអភិរក្សបន្តទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវ។  គួរបញ្ជាក់ដែរថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការតាំងពីឆ្នាំ២០០៨ មកដោយមានថែរក្សា និងអភិរក្សវត្ថុសិល្បៈពីបុរាណជាច្រើនដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានាយកមករក្សាទុកនៅទីនេះ។ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង