ក្រសួងចេញសេចក្ដីព្រមានថា៖ នឹងលុបអាជ្ញាបណ្ណរបស់មគ្គុទ្ទេសក៍ទេសចរណ៍ចោល បើនៅបន្តផ្សាយជំនឿដែលគ្មានការពិតទៀត

ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានចេញលិខិតព្រមានជាលើកចុងក្រោយចំពោះលោក ហៀក សេងហួត ដែលគេស្គាល់ថាជាមគ្គុទ្ទេសក៍ទេសចរណ៍ក្រមាឱ្យបញ្ឈប់ជាបន្ទាន់ រាល់ការរៀបរាប់ពន្យល់នូវប្រវត្តិសាស្ត្រ ជំនឿផ្សេងដែលផ្ទុយពីការពិត។ ក្នុងករណី មិនអនុវត្តន៍តាមការព្រមាននេះ ក្រសួងទេសចរណ៍ ​នឹងព្យួរអាជ្ញាបណ្ណ ឬឈានដល់ការដកអាជ្ញា​បណ្ណមគ្គុទេសក៍ទេសចរណ៍របស់លោកទាំងស្រុង។  ការណ៍ដែលក្រសួងចេញលិខិតព្រមានជាលើកចុងក្រោយបែបនេះ គឺ​បន្ទាប់ពីលោក ហៀក សេងហួត បានប្រព្រឹត្តិទង្វើមិនសមស្របតាមក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដោយធ្វើការអធិប្បាយទៅកាន់ភ្ញៀវទេសចរ និងផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមអំពីប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋាន ច្បាស់លាស់ ដែលនាំឱ្យមានការប៉ះពាល់ដល់វប្បធម៌ និងសាសនារបស់កម្ពុជា។  តាមលិខិតព្រមាន  ក្រសួងទេសចរណ៏បានសរសេរដូច្នេះថា “សូមធ្វើការព្រមាន លោក ហៀក សេងហួត ជាលើកចុងក្រោយ ដោយបញ្ឈប់រាល់ការផ្សព្វផ្សាយ និងការអធិប្បាយនូវប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋាន ប្រវត្តិសាស្រ្តច្បាស់លាស់។ ករណីមិនអនុវត្តតាមការព្រមាននេះ ក្រសួងទេសចរណ៍នឹងអនុវត្តនីតិវិធីព្យួរអាជ្ញាបណ្ណ ឬករណីធ្ងន់ធ្ងរអាចឈានដល់ការលុបអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍របស់លោកចោលទាំងស្រុង”។ក្រសួងទេសចរណ៍បានដាក់ក្ដីសង្ឃឹមថា លោក ហៀក សេងហួត នឹងកែតម្រូវសកម្មភាពប្រតិបត្តិ ឱ្យស្របតាមក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកតម្កើងតម្លៃនៃវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍។  ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ មគ្គុទេសក៍ទេសចរណ៍ក្រមា លោក ហៀក សេងហួត បានធ្វើសកម្មភាពផុ្សព្វផ្សាយអបិយជំនឿដែលផ្ទុយពីប្រវត្តិសាស្ត្រ ថែមទាំងចូលរួមក្នុងសកម្មភាពជាមួយស្ត្រីលក់ថ្នាំបុរាណតាមអនឡាញសម្ដែងជាអ្នកស្នងរូប ព្រះនាងឥន្ទ្រទេវី នៅទីតាំងសក្ការៈលោកតារាជ នៅប្រាសាទអង្គរវត្ត ក៏ដូចជានៅមុខចម្លាក់នានា និងព្រះបរមរូបព្រះនាងឥន្ទ្រទេវី នាប្រាសាទព្រះខ័ន ខេត្តសៀមរាបជាដើម ក្នុងអាការៈយំខ្សឹកខ្សួលស្ដាយស្រណោះ។ ក្រៅពីនេះ លោក ហៀក សេងហួត បានប្រើប្រាស់ពាក្យសម្ដីមិនសមគួរចំពោះ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ទៀតផង៕ សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង