សត្វកែះ ជាប្រភេទសត្វកម្រជិតផុតពូជ បានបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិ

សត្វកែះ ដែលជាប្រភេទសត្វកម្រជិតផុតពូជ បានបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ សត្វនេះត្រូវបានប្រទះឃើញ តាមរយ:ម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់អភិរក្សកម្ពុជារបស់មន្ត្រីនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ។ នេះបើតាមលោក នេត ភត្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្រក្រសួងបរិស្ថាន ។  បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជដោយសារការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងនោះ គឺដោយសារតែការប្រមាញ់ ដើម្បីយកសាច់ ស្នែង ឆ្អឹងទៅជួញដូរដោយសារតែជំនឿ។ សត្វមួយប្រភេទនេះ គេមិនទាន់មានទិន្នន័យពិតប្រាកដថាមានប៉ុន្មានក្បាលដែលរស់នៅក្នុងប្រទេសកម្ពុជាទេ តែប្រភេទសត្វនេះ មានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។  បើយោងតាមការសិក្សាបានឲ្យដឹងថា សត្វកែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង វាមានដងខ្លួនខ្លី ហើយជើងទាំង ៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូកក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋាន ដូចជាប្រែង។ វាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ កន្ទុយខ្លី ហើយមានរោមសំពោងពណ៌ខ្មៅប្រផេះ។  សូមបញ្ជាក់ថា សត្វកែះ ជាប្រភេទសត្វមានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកល និងជាសត្វស្ថិតក្នុងឧបសម្ព័ន្ធទី១ របស់អនុសញ្ញាសាយតេស៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង