ក្រុមគ្រូពេទ្យបរទេស មកពិនិត្យព្យាបាលជំងឺជូនប្រជាជនដោយឥតគិតថ្លៃ រយៈពេល៧ថ្ងៃ នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក

លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ក្រុមវេជ្ជបណ្ឌិតមកពី សហរដ្ឋអាមេរិក កាណាដា ហ្វីលីពីន និងប្រទេសមួយចំនួនទៀត សុទ្ធតែមានជំនាញ និងមានបទពិសោធន៍ច្បាស់លាស់ ក្នុងការវះកាត់ជូនពុកម៉ែបងប្អូនដោយឥតគិតថ្លៃ មាន រយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ក្នុង គោលបំណងចូលរួមលើកកម្ពស់សុខុមាលភាព និងជួយកាត់បន្ថយភាពក្រីក្រនៅក្នុង ប្រទេសកម្ពុជារបស់យើង។  លោក ងួន រាសី លើកឡើងដូចនេះនៅក្នុងកម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺ ដោយឥតគិតថ្លៃរបស់ អង្គការ ប៊ី លេគ នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក នៅព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។  លោកអភិបាលរងខេត្តកំពង់ធំបានបន្តទៀតថា ប្រទេសជាតិមានសន្តិភាពទើប រាជរដ្ឋាភិបាលយើង មានកិច្ចសហការ រឹតចំណងមិត្តភាពល្អប្រសើរជាមួយថ្នាក់ដឹកនាំក្រៅ ប្រទេស អង្គការជាតិ និងអង្គការអន្តរជាតិ ក្នុងការអភិវឌ្ឍប្រទេសឱ្យមានភាពរីកចម្រើនគ្រប់ វិស័យ។ ជាក់ស្ដែងដូចជាថ្ងៃនេះផងដែរ ដោយសារមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ទើបមានកិច្ចសហការជាមួយ អង្គការ ប៊ី លេគ ដើម្បីមកពិនិត្យព្យាបាលជំងឺ ជូនពុកម៉ែបងប្អូន ដោយឥតគិតថ្លៃ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតជំនាញដែលមានបទពិសោធន៍ ក្នុងការវះកាត់ និងព្យាបាលជំងឺជាច្រើនឆ្នាំកន្លងមក។  លោកវេជ្ជបណ្ឌិត ឡេង តាំងលាង បានឱ្យដឹងថា កម្មវិធីពិនិត្យសុខភាព និងព្យាបាល ជំងឺដោយឥតគិតថ្លៃជូនដល់ពុកម៉ែបងប្អូននាថ្ងៃនេះ ដែលដឹកនាំដោយក្រុមប្រតិភូវេជ្ជបណ្ឌិត ឯកទេសវះកាត់ និងព្យាបាលជំងឺដូចជា៖ ពកក គីសដៃស្បូន គ្រោះក្នុងប្រម៉ាត់ ឫសដូងបាត ពោះវៀនធ្លាក់ចូលពង និងដុះដុំសាច់ជាដើម។  ដោយឡែកលោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិបារាយណ៍-សន្ទុកបានឱ្យដឹងថា នៅក្នុងមន្ទីរពេទ្យយើងថ្ងៃនេះបានអញ្ជើញចូលរួម ដោយក្រុមគ្រូពេទ្យបរទេសដោយមានការស្និទ្ធស្នាលជាមួយឯកឧត្តម ងួន រាសី អភិបាលរង ខេត្តកំពង់ធំ បានជួយសម្របសម្រួលការងារនេះ ហើយបានចាប់ដៃគូជាមួយអង្គការ ខាងលើ នេះតាំងពីឆ្នាំ២០០៤មក ដោយការពិនិត្យនឹងព្យាបាលជំងឺ ទូទៅជូនប្រជាពលរដ្ឋ ដោយឥត គិតថ្លៃឡើយ។ លើសពីនោះទៀត ភាគច្រើនមានអ្នកជំងឺធ្ងន់ដូចជា៖ ពកក គីសដៃ ស្បូន គ្រោះក្នុងប្រម៉ាត់ ឫសដូងបាត ពោះវៀនធ្លាក់ចូលពង និងដុះដុំសាច់។ ដូច្នេះហើយ លោក ញ៉ែម ពីង សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅទីជិត ទីឆ្ងាយតាមមូលដ្ឋាននានា ដែលមានជំងឺ ខាងលើនេះសូមប្រញាប់រួសរាន់ឡើយ ព្រោះក្រុមគ្រូពេទ្យបរទេសមកវះកាត់ព្យាបាល រយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង