សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជន

ភ្នំពេញ : កាលពីចុងសប្តាហ៍ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនដល់ព្រះសង្ឃ ប្រជាពលរដ្ឋ កម្មករ  កម្មការិនី និងបុគ្គលិកប្រកបរបរក្រៅប្រព័ន្ធ ព្រមទាំងក្មួយៗកុមារាកុមារីបានចំនួនជិត៤ពាន់ អង្គ នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សាព្រៃស្ពឺ  សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់ កម្លាំងចំរុះ យុវជនសសយក យុវជនអមត យុវជនកាកបាទក្រហមកម្ពុជា និងផ្នែកដែលពាក់ព័ទ្ធផ្សេងៗទៀត។  លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា ក្នុងនាមលោកផ្ទាល់ និងជំនួសមុខឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌពោធិ៍សែនជ័យ ពិតជាមានក្តីសោមនស្សរីករាយក្រៃលែងដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅ សុខភាពមាត់ធ្មេញ ពិនិត្យផ្ទៃពោះជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ និងបងប្អូនកម្មករ កម្មការីនីរោងចក្រ នាឱកាសដ៏វិសេសវិសាលនេះ។  លោកបានបន្តទៀតថា ក្នុងនាមក្រុមប្រឹក្សាខណ្ឌ គណអភិបាលខណ្ឌ សង្កាត់ទាំង៧ក្នុងខណ្ឌ ព្រមទាំងប្រជាពលរដ្ឋក្នុងខណ្ឌទាំងមូល សូមសំណូមពរដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបន្តចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជាបន្តបន្ទាប់ទៀត។  លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្មTYDA បានថ្លែងថា តាងនាមឱ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាសប្បាយរីករាយដែលបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ព្រះសង្ឃ ប្រជាពលរដ្ឋលោកតាលោកយាយបងប្អូនកម្មករ កម្មការីនី និងក្មួយៗកុមារា កុមារីនាឱកាសនេះ។  លោកវេជ្ជបណ្ឌិត បានបន្តទៀតថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី លោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយមានការមមាញឹកនិងកិច្ចការងារច្រើន លោកបណ្ឌិត និងលោកស្រីបានផ្តាំផ្ញើតាមរយ:លោកឱ្យក្រុមការងារជួយយកចិត្តទុកដាក់នៅក្នុងការពិនិត្យព្យាបាលជំងឺជូនដល់លោកតាលោកយាយបងប្អូនទាំងអស់គ្នាដោយការទទួលខុសត្រូវប្រកបដោយប្រសិទ្ធិភាពខ្ពស់។
សូមបញ្ជាក់ថា តាមរបាយការណ៍បានឱ្យដឹងថាព្រះសង្ឃ និងប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺទាំងអស់មានចំនួន ៣៦៣៥អង្គ នាក់ ស្មើនឹង ៦៨៤៨ ករណី ដោយក្នុងនោះមានជំងឺបញ្ជូនទៅព្យាបាលបន្តមាន ៨២ ករណី។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង