ក្នុងត្រីមាសដំបូងឆ្នាំ២០២៣ កម្ពុជារកចំណូលជាង១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ៖ ក្នុងរយៈពេលបីខែដំបូងដើមឆ្នាំ២០២៣នេះ ពោលគិតចាប់ពីខែមករាដល់ខែមីនា កម្ពុជារកចំណូលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរបានចំនួន ១១ ១៣៥ ៤៩២ ដុល្លារ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប ២៣៦ ៣៤១ នាក់។ នេះបើយោងតាមសេចក្តីប្រកាសរបស់គ្រឹះស្ថានអង្គរ។  សេចក្តីជូនដំណឹងដដែលបានឱ្យដឹងបន្ថែមថា សម្រាប់ខែមីនា ឆ្នាំ២០២៣ នេះគ្រឹះស្ថានអង្គរ រកចំណូលបានចំនួន  ៧៤៨ ៧០០ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៧៩ ៣៩០ នាក់។ ទន្ទឹមនឹងនោះក្នុងរយៈពេលបីខែដើមឆ្នាំនេះរាជរដ្ឋាភិបាលបានយកចំណូលដែលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រសាទកោះកែរឧបត្ថម្ភមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាបានចំនួនសរុប ៤៧២ ៦៨២ដុល្លារ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា។  គួររំលឹកផងដែរថា បាតុភូត «ព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ» កាលពីថ្ងៃទី២១ ខែមីនា នេះ បានទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៨ ៧២៦ នាក់មកចូលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួនប្រមាណ ២ ២២៦ នាក់ផងដែរ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង