ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះពិនិត្យព្យាបាលប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យជិត២ពាន់នាក់

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះពិនិត្យនិងព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋសរុបចំនួន ១,៨៥០នាក់ ស្មើនឹង ៣,៦៩៣ករណី និងបានចែកសម្ភារសិក្សាដល់សិស្សក្រីក្រ២០០នាក់ ស្ថិតនៅក្នុងបរិវណសាលាបឋមសិក្សាស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម និងក្រុមគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី និងជប៉ុន សហការជាមួយយុវជន មន្រ្តី កងកម្លាំង និងផ្នែកពាក់ព័ន្ឋជាច្រើនទៀត។   លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែគិតគូរសុខទុក្ខ ចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋ ដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅតាមមន្ទីរពេទ្យធំៗក្នុងរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។    លោកជំទាវបន្តថា គោលបំណងសំខាន់របស់សមាគម ទី១គឺការរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ២ចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយាលនានា ៣ចូលរួមចំណែកបណ្ដុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៍ដូចជាផ្តល់ជូនប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដទៃទៀត អោយបានចូលរួមចំណែកបំរើការងារមនុស្សធម៌ក្នុងសង្គម។ លោកជំទាវបញ្ជាក់ថា អ្វីដែលពិសេសនោះសកកម្មនាថ្ងៃនេះ TYDA បានដឹកនាំក្រុមគ្រូពេទ្យជាង២០០នាក់ ក្នុងនោះមានក្រុមគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី ជំនាញចាប់សសៃ និងពីប្រទេសជប៉ុនជំនាញជំងឺ ត្រចៀក ច្រមុះ បំពង់ក មកព្យាបាលជូនប្រជាពលរដ្ឋនៅទីនេះ។  លោក ហែម ដារិទ្ឋិ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានដឹកនាំដឹកនាំក្រុមគ្រូពេទ្យ ចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅទីនេះដោយឥតគិតថ្លៃ ដែលសកម្មភាពទាំងនេះ គឺបានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពល រដ្ឋបានមួយកម្រិតថែមទៀត។   ប្រជាពលរដ្ឋដែលបានទទួលសេវាព្យាបាលនាឱកាសនេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត រកអ្វីផ្ទឹមពុំបាន ដោយមានក្រុមគ្រូពេទ្យរបស់សម្តេចតេជោ ចុះមកព្យាបាលដោយគិតគិតថ្លៃ នេះជាការលើកឡើងរបស់ពួកគាត់។   សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ព្យាបាលជម្ងឺទូទៅប្រជាពលរដ្ឋដោយគិតថ្លៃនាឱកាសនេះសរុបចំនួន១,៨៥០នាក់ ស្មើនឹង ៣,៦៩៣ករណី។ ករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនមកព្យាបាលបន្តមានចំនួន៧៨ ក្រោមការចំណាយ និងឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង