រាជធានីភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ មីនា ឆ្នាំ២០២៣នេះ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីរឹតកប្លន់រថយន្តព្រុស ដែលបានប្រព្រឹត្តិកាលពី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន ជាលទ្ធផលឃាត់បានជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួកចំនួន៣នាក់។ ជនសង្ស័យដែលឃាត់បានរួមមាន៖ ទី១ ឈ្មោះ ឆន ចំរើន ហៅរាជ អាយុ២២ឆ្នាំ ចាប់បាននៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី២ ឈ្មោះ សុខ បញ្ញា ចាប់នៅចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញ្ញាក្រែង ខេត្តត្បូងឃ្មុំ។ រីឯជនសង្ស័យម្នាក់ទៀតគេចខ្លួនបាត់ ឈ្មោះ អន ជីអឺ ហៅអេ ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នសមត្ថកច្ចកំពុងតាមចាប់ខ្លួន។ សូមរំលឹកថា កាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ មានជនសង្ស័យចំនួន៣នាក់ បានហៅរថយន្តតាក់ស៊ី ម៉ាកព្រុស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2BA-0575 ពីក្រុងតាខ្មៅ ខេត្តកណ្តាលគោលបំណង ទៅក្លឹប X ZOOM នៅផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះធ្វើដំណើរដល់ខាងត្បូងផ្សារទួលពង្រ ជនសង្ស័យប្រើល្បិចឱ្យអ្នកបើករថយន្តតាក់ស៊ី ឈ្មោះ លាប កម្សាន្ត ឈប់រថយន្ត ដើម្បីពួកគេចុះបត់ជើងតូច។ ភ្លាមៗគ្រាន់តែបង្អន់ល្បឿន ស្រាប់តែជនសង្ស័យយកខ្សែហ្វ្រាំងកង់ រឹតក ជនរងគ្រោះជាអ្នកអ្នកបើកបរ ធ្វើឱ្យរថយន្តរេចង្កូតទៅបុកពីក្រោយរថយន្តកូរ៉េ បណ្តាលឱ្យខូចខាតធ្ងន់ ហើយក្រុមជនសង្ស័យក៏បានរត់គេចខ្លួនអស់។ គួរបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ត្រូវបាននាំខ្លួនទៅសាកសួរនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ សម្រួលដោយ ទៀង បុណ្ណរី


