សមុច្ច័យ ១១មុខ នៃតម្បាញសូត្រខ្មែរ នឹងដាក់បង្ហាញនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងពិព័រណ៌ផលិតផលសូត្រខ្មែរចំនួន ១១មុខ នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។ ផលិតផលទាំង ១១មុខនេះ មានកន្សែងសូត្រចំនួន ៤ និងសំពត់ហូលចំនួន ៥ នៅក្នុងនោះក៏មានហូលពិតានចំនួន ២ ជាអំណោយផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ។ នេះបើតាមការបញ្ជាក់ពី អាជ្ញាធរជាតិអប្សរា។  ការដាក់តាំងពិព័រណ៌វត្ថុដ៏មានតម្លៃទាំងនេះ ក្នុងបំណងអភិរក្ស ថែរក្សាសិល្បៈតម្បាញហូលពិតានខ្មែរ ស្របពេលដែលចំនួនអ្នកប្រើប្រាស់ហូលពិតានក្នុងសង្គមខ្មែរសម័យថ្មី កំពុងថយចុះគួរឱ្យព្រួយបារម្ភ។ ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ហាញដល់សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ពីកេរ្តិ៍ដំណែល និងស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកមក។  លោក សែន គឹមស៊ុន នាយករងស្តីទី នៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹងថា សមុច្ច័យទាំងនេះ មានប្រវត្តិនៅជាប់ជាមួយនឹងបុព្វបុរសខ្មែរជាយូរយារណាស់មកហើយ ប៉ុន្តែមួយផ្នែកធំវាត្រូវបានបំផ្លិចបំផ្លាញដោយសាររបបប៉ុល ពត ហើយបច្ចុប្បន្នមិនសូវមានអ្នកនិយមប្រើ ដូចជាហូលពិតានជាដើម ទើបធ្វើឱ្យវិស័យតម្បាញហូលពិតានបានធ្លាក់ចុះ។  ក្រុមអ្នកជំនាញផ្នែកប្រពៃណីនិងវប្បធម៌ពន្យល់ថា ហូលពិតានមានលក្ខណៈពិសេសខុសពីហូលធម្មតា ព្រោះវាមានចងក្បាច់លើកគោមជារូបផ្សេងៗយ៉ាងពិសិដ្ឋ ដែលទាក់ទងទៅនឹងជំនឿសាសនា។ ពីបុរាណកាល គេហាមអ្នកស្រុកមិនឱ្យយកហូលប្រភេទនេះទៅប្រើ ឬស្លៀកដូចហូលធម្មតាទេ បើទោះបីជាហូលនោះនៅថ្មីមិនទាន់បានអភិសេកក៏ដោយ។ គោមដែលប្រើនៅលើហូលពិតានខ្លះ ក៏មិនត្រូវអនុញ្ញាតឱ្យយកទៅត្បាញលើហូលសម្រាប់ស្លៀកពាក់ធម្មតាបានដូចគ្នា។   លោក សែន គឹមស៊ុន បញ្ជាក់ថា ការផលិតហូលពិតានមួយៗត្រូវការចំណាយពេលវេលាយូរ ត្រូវការកម្លាំងមនុស្សច្រើន បច្ចេកទេសចងគោម និងប្រើវត្ថុធាតុដើមសុទ្ធសឹងផលិតចេញពីសរសៃសូត្រធម្មជាតិ ហើយជ្រលក់ពណ៌ធម្មជាតិដែលផ្សំឡើងពីរុក្ខជាតិទៅតាមបច្ចេកទេសបុរាណ មិនប្រើសារធាតុគីមីឡើយ។  ទីតាំងនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញាសុខ អាន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះ បានបើកដំណើរការតាំងតែពីអំឡុងខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ទន្លេគង្គា ដោយមានប្រទេសចំនួន ៦ ចូលរួមដូចជា ប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្នុងគោលបំណងថែរក្សាប្រពៃណីនៃការផលិតវាយនភណ្ឌក៏ដូចជាការបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិក ដែលមានរយៈពេលជាច្រើនសតវត្សមកហើយ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង