ជីវិតកម្សាន្ដជិះកង់បីអស់ជាង១ម៉ឺនរៀល សុខ រ៉ាស៊ី បាញ់លុយជាង១ម៉ឺនដុល្លារឲ្យអ្នករត់កង់បី

លោក សុខ រ៉ាស៊ី ដែលទស្សនិកជនស្គាល់គ្រប់គ្នាជាពិធីករពូកែលេងពាក្យសម្តីចាក់ទឹកមិនលិចបានធ្វើឲ្យមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្ទាប់ពីលោកបង្ហោះថាខ្លួនបាញ់លុយច្រឡំជាង១ម៉ឺនដុល្លារព្រោះស្មានតែលុយខ្មែរទៅឲ្យអ្នករត់កង់បីតែជាសំណាងល្អប៉ះចំកង់បីចិត្តសប្បុរសវេលុយឲ្យវិញ។បើតាមខ្លឹមសារដែលលោក សុខ រ៉ាស៊ី រៀបរាប់បានលើកឡើងថា ភ័យចង់គាំងបេះដូងបងប្អូនច្រឡំស្កេនបាញ់លុយឲ្យបងកង់បី១១១០០ដុល្លារ តែប៉ះចំ Pass Appsចិត្តល្អ។ ចែករំលែកបទពិសោធន៍មួយបងប្អូនដែលចិត្តស្កេន QR Code មានលុយរៀល និងដុល្លារសូមមើលឲ្យច្បាស់កុំឲ្យដូចខ្ញុំ ជិះPass Apps អស់១១១០០ រៀលបាញ់លុយឲ្យបងផាសអេប១១ ១០០ដុល្លារ ព្រោះQR Code មានសងខាងដុល្លារ និងរៀល។ ពិធីករ សុខ រ៉ាស៊ី បញ្ជាក់ថា បន្ទាប់ពីដឹងថាលោកបាញ់លុយច្រឡំ ភ្លាមៗក៏បានទាក់ទងទៅអ្នករត់បង់បីហើយគាត់ក៏បានមកវិញដើម្បីផ្ទេរលុយឲ្យលោកវិញតែដោយសារបាញ់មិនកើតគាត់ (អ្នករត់កង់បី) ក៏ខំចំណាយពេលទៅបំពេញឯកសារនៅធនាគារដើម្បីសម្រួលក្នុងការដកលុយត្រឡប់មកវិញ។ លោក សុខ រ៉ាស៊ី និយាយទៀតថា ចំពោះលុយជាង​១ម៉ឺនដុល្លារនោះ គឺលោកបានទទួលទាំងអស់មកវិញហើយចំណែកឯម្ចាស់កង់បីចិត្តធម៌រូបនោះមិនបានទាមទារអ្វីពីលោក​ទេ។ លោក សុខ រ៉ាស៊ី បានប្រាប់ក ម្ពុជាថ្មីថា “ខ្ញុំពិតជាសរសើរសម្រាប់ទឹកចិត្តដ៏ល្អសប្បុរសរបស់បងប្រុសអ្នករត់កង់បីនោះខ្លាំងណាស់ ព្រោះគាត់ជាមនុស្សល្អមិនចង់បានរបស់អ្នកដទៃ ហើយសូម្បីតែខ្ញុំជូននូវសាគុណគាត់ខ្លះក៏គាត់មិនចង់យកទៀតផង នេះបញ្ជាក់ថា គាត់ជាបុគ្គលម្នាក់ដែលជាគំរូល្អសម្រាប់ប្រជាជនខ្មែរយើង”៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង