រាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សាគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សាគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ពីស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងសិក្សាលើគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅកាន់ព្រំដែនប្រទេសថៃ ដែលជាច្រកដឹកជញ្ជូនទំនិញនិងអ្នកដំណើរដ៏សំខាន់មួយ សម្រាប់រួមចំណែកជំរុញកំណើនសង្គម-សេដ្ឋកិច្ចកម្ពុជា ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមានផ្លូវដែកចាស់រួចស្រេច ប្រសិនបើកម្ពុជាសម្រេចចិត្តនឹងធ្វើទៅលើរឿងនេះ នឹងមិនចំណាយពេលវេលាយូរទេ ខណៈដែលផ្លូវដែកចាស់មិនអាចបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច បាន ។សម្តេចតេជោ បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា កន្លងទៅនេះ នាយករដ្ឋមន្ត្រីចិន ក៏បានលើកឡើងជុំវិញគម្រោងសាងសង់ផ្លូវដែកល្បឿនលឿននេះ ក្នុងការចរចានាពេលខាងមុខ។សំឡេង « យើងកំពុងតែសិក្សា ដើម្បីធ្វើជាផ្លូវដែក ល្បឿនលឿនតែម្តង ភ្ជាប់ពីទីក្រុងភ្នំពេញ មកខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅព្រំដែនថៃ។ យើងមានផ្លូវហើយស្រេច ព្រោះបើយើងសម្រេចចិត្តនឹងធ្វើទៅលើរឿងនេះចំណាយពេលវេលាវាមិនយូរទេ ដោយសារតែយើងមានផ្លូវដែកចាស់រួចស្រេច ផ្លូវដែកចាស់នេះមិនអាចនិងបម្រើឱ្យការអភិវឌ្ឍវិស័យសេដ្ឋកិច្ចបានទេ។ នាយករដ្ឋមន្ត្រីចិនបានលើកឡើងអំពីចំណុចនេះក្នុងការចរចា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា កន្លងទៅ។ ក្រៅពីនោះយើងអាចមានផ្លូវដែកល្បឿនលឿននៅកន្លែងដ៏ទៃទៀត យើងត្រូវខិតខំធ្វើអំពីបញ្ហានេះ តភ្ជាប់ផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដោះស្រាយបញ្ហានេះបានគឺយើងនឹងកាត់បន្ថយការលំបាករបស់ប្រជាជន ហើយការលំបាករបស់ប្រជាជននោះហើយចង់សំដៅថា យើងកាត់បន្ថយភាពក្រីក្រក្នុងចំណោមប្រជាជននិងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនរបស់យើង »។ គួរជម្រាបថា ផ្លូវដែកកម្ពុជា បានចាប់ផ្តើមសាងសង់ដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ។ ផ្លូវដែកកម្ពុជាមានចំនួន ២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។ ផ្លូវដែកភាគខាងជើង មានប្រវែង ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានកសាងឡើងចាប់ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង និងផ្លូវដែកភាគខាងត្បូង ត្រូវបានកសាង ឡើងចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមជំនួយរបស់ប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ដែលមានប្រវែងសរុប ២៦៤គីឡូម៉ែត្រ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង