ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំបន្តចាញ់បោកក្រុមជនខិលខូចដែលបានឃុបឃិតគ្នាបោកប្រាស់ប្រជាពលរដ្ឋ ទិញលក់ដី នៅក្នុងតំបន់ការពារធម្មជាតិ

«ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំបន្តចាញ់បោកក្រុមជនខិលខូចដែលបានឃុបឃិតគ្នាបោកប្រាស់ប្រជាពលរដ្ឋ ទិញលក់ដី នៅក្នុងតំបន់ការពារធម្មជាតិ ដោយអះអាងថាជាដីស្របច្បាប់ និងអាចរត់ការធ្វើបណ្ណសម្គាល់កម្មសិទ្ធិបាន។ តាមពិត គឺមិនអាចទៅរួចឡើយ»។ នេះគឺជាការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួង បរិស្ថាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ក្រោយពីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពតបានទប់ស្កាត់បាន សម្រេចលើក្រុមជនខិលខូចបង្កើតទំព័រហ្វេសប៊ុក និងបានដាក់ផ្ទៃដីនៃឧទ្យានជាតិព្រះមុនីវង្សបូកគោក្នុងតំបន់អន្លង់ក្មេងលេងស្ថិតក្នុងភូមិសាស្ត្រឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត លក់លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ឯកឧត្ត នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានបានគូស បញ្ជាក់ថាផ្ទៃដីដែលមានទំហំ ១៨០០ ហិកតាដែលជនខិលខូច រៀបចំផែនទីដាក់លក់នោះជាផ្ទៃដីព្រៃស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ឯកឧត្តមបានថ្លែងថា ផ្ទៃដីមួយចំនួនត្រូវបានជនទុច្ចរិតលួចចូលឈូសឆាយទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ដើម្បីលក់ដូរ ហើយត្រូវបានកសាងសំណុំរឿងនៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់រួចរាល់ហើយដែរ។ គួរបញ្ជាក់ថា មន្ត្រីនៃមន្ទីរបរិស្ថានបានធ្វើការតាមដាននិងធ្វើចំណាត់ការលើហ្វេសប៊ុកមួយឈ្មោះថា NL Real Estate Cambodia បានដាក់បង្ហាញផែនទីនិងទីតាំងដីទំហំ ១៨០០ ហិកតា និងរូបភាពមួយចំនួនសម្រាប់លក់។ ក្រុមមន្ត្រីបានសួរនាំភ្នាក់ងារលក់ដីដែលធ្វើសកម្មភាពនោះ ដោយបានបញ្ជាក់ថាឈ្មោះ សុខ ម៉ាប់ ជាតំណាងម្ចាស់ដី។ តាមការបញ្ជាក់របស់ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត ឈ្មោះ សុខ ម៉ាប់ នេះគឺជាជន សង្ស័យមួយរូបក្នុងចំណោម ២ រូបដែលមន្ទីរបរិស្ថានខេត្តកំពត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃខុសច្បាប់នៅក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោ អភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ជាមួយឈ្មោះ ឡៅ អាន់ ដែលជាឪពុករបស់ខ្លួន។ បច្ចុប្បន្នសំណុំរឿងបាននិងកំពុងបន្តនីតិវិធីនៅតុាលាការខេត្តកំពត។ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត បានបន្តថាជាមួយភស្តុតាងនិងសាក្សីថ្មីនេះ មន្ទីរបរិស្ថានខេត្ត កំពត នឹងរៀបចំសំណុំឯកសារភស្តុតាងបន្ថែមដាក់ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ ដើម្បីចាត់ការលើជនទុច្ចរិត រួមនឹងបក្ខពួកនៅពីក្រោយដែលឃុបឃិតគ្នាចូលរុករានទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់។ ទាក់ទងនឹងបញ្ហានេះ រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពតបាននិងកំពុងសហការជាមួយភាគីពាក់ព័ន្ធដើម្បីបន្តដាក់ភស្តុតាងបន្ថែមលើសំណុំរឿង និងបានអំពាវនាវដល់ពលរដ្ឋដែលបានចាញ់បោកក្រុមជនខិលខូចទិញដីនៅតំបន់នោះ ត្រូវទាមទារលុយរបស់ខ្លួនមកវិញព្រោះ ទីតាំងនោះជាដីរបស់ឧទ្យានជាតិបូកគោដែលត្រូវការពារនិងអភិរក្ស។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា៖«គ្មានជនណាម្នាក់មានសិទ្ធិទិញ ឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅតាមខេត្តនានាបានឡើយ, ក្រសួងស្នើឱ្យពលរដ្ឋឈប់ចាញ់ បោកមេខ្យល់ ឬក្រុមជនខិលខូចតទៅទៀត»។ ឯកឧត្តមបានរំឭកឡើងថា មានប្រជាពករដ្ឋជាច្រើនបន្តការចាញ់បោកក្រុមជនខិលខូចដែលលក់ដីខ្យល់ គ្មានដីពិត ប្រាកដ និងគ្មានការកាន់កាប់ស្របច្បាប់។ ក្រុមជនខិលខូចមួយ ចំនួនបានដើរចង្អុលដីព្រៃដើម្បីលក់ និងខ្លះទៀត បង្កើតឯកសារក្លែងក្លាយដើម្បីយកដីព្រៃរបស់រដ្ឋដោយប្រឌិតថាជាដីដែលប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផលជាយូរមក ហើយដើម្បីស្នើសុំកាត់ឆ្វៀល។ ឯកឧត្តមក៏បានលើកឡើងផង ដែរថា ក្រុមជនខិលខូចមួយចំនួនបន្តយុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានលុយក្នុងជម្លោះដណ្តើមដីរដ្ឋ និងមានក្រុមជនខិលខូចខ្លះបានជួលប្រជាពលរដ្ឋដើម្បីតវ៉ា និងទាមទារដីជាមួយអាជ្ញាធរពេលចុះអនុវត្តច្បាប់។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា សូមកុំជឿលើ ជនខិលខូចដែលអះអាងថាទិញដីរដ្ឋហើយអាចធ្វើប្លង់រឹងជាកម្មសិទ្ធិបាននោះ នេះគឺជាការបោកប្រាស់សុទ្ធសាធ។ ឯកឧត្តមបានលើកឡើងថា កាលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនបន្តចាញ់បោកមេខ្យល់ក្នុងការទិញលក់ដូរដីខុសច្បាប់នឹងត្រូវប្រឈមមុខនឹងបញ្ហា ២ គឺទី១ ការខាតបង់ប្រាក់និងទ្រពសម្បត្តិរបស់ខ្លួន និងទី២ ប្រឈមមុខនឹងច្បាប់ជាមួយនឹងជនល្មើស ដោយសារតែ ការរុករាន ទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ និងទិញលក់ដូរដីព្រៃរដ្ឋជាទង្វើខុសច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី  

អត្ថបទដែលជាប់ទាក់ទង