ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ នារសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២តាមជើងយន្តហោះពិសេស ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅកោះ បាលី ប្រទេសឥណ្ឌូណេស៊ី និង កិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ។ អញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី មាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀត នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា ឆ្នាំ ២០២២។ គួរបញ្ជាក់ដែរថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជា ប្រធាននៃកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះ បាលី ប្រទេសឥណ្ឌូនេស៊ី។ ក្រោមមូលបទនៃភាពជាប្រធាន G20 របស់ឥណ្ឌូណេស៊ី “ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញកាន់តែរឹងមាំ”សម្តេចតេជោ នឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្ដីពីសន្តិសុខស្បៀង និង ថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃពហុភាគី និយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅ នៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺ រាតត្បាត។ ក្នុងអំឡុងពេលនៃការស្នាក់នៅកោះបាលី សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមកម្មវិធី អាហារពេលល្ងាចក្រៅផ្លូវការ ដែលរៀបចំដោយឯកឧត្តមប្រធានាធិបតីបារាំង ហើយក៏រំពឹងថា នឹង មានជំនួបពិភាក្សាទ្វេភាគីជាមួយប្រមុខគណៈប្រតិភូមួយចំនួន ផងដែរ។ ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំនេះ បង្ហាញពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុង និម្មាបនកម្មតំបន់ និងការប្តេជ្ញាចិត្តរបស់ប្រធានអាស៊ានបច្ចុប្បន្ន ក្នុងការបន្ស៊ី និងបញ្ចូលគ្នារវាងអាទិភាពសំខាន់ៗរបស់អាស៊ានជាមួយនឹងអាទិភាពនានារបស់វេទិកាតំបន់ និងអន្តរជាតិផ្សេងទៀត ឆ្ពោះទៅ រកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំពោះកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូល នឹងអញ្ជើញ ចូលរួមក្នុង “កិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ជាមួយភ្ញៀវ» នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រថៃ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ នឹងថ្លែងសុន្ទរកថាក្នុងពិធីបើក កិច្ចសន្ទនាក្រៅផ្លូវការនេះ ដោយផ្តោតលើការរីកចម្រើនប្រកបដោយចីរភាព។ សម្តេចតេជោ ក៏នឹង ថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំទី២ ស្តីពី «ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ប្រកបដោយចីរភាពរវាង APEC និងដៃគូពាណិជ្ជកម្ម ។ បទអន្តរាគមន៍របស់សម្តេចតេជោ នឹងរួម ចំណែកដល់កិច្ចពិភាក្សាស្តីពីការរីកចម្រើនប្រកបដោយចីរភាព និងការបង្កើនកិច្ចសហប្រតិបត្តិការ រវាង APEC និងដៃគូខាងក្រៅរបស់ខ្លួន ស្របតាមមូលបទ APEC ឆ្នាំ២០២២ “ការបើកចំហរ ការ តភ្ជាប់ និងតុល្យភាព»។ អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល APEC សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ APEC ផ្សេងទៀត នឹងអញ្ជើញចូលគាល់ ព្រះបាទ មហា វីជីរ៉ាឡុងកន ព្រះវឺជីរ៉ាក់ក្ល ចៅយូហូរ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ និងសម្ដេចព្រះមហាក្សត្រី ស៊ុធីតា ផាត់ឆរៈស៊ុថាតិម៉ុនឡាត់សៈណៈ នៅក្នុងព្រះបរមរាជវាំង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបពិភាក្សាការងារ ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ជំនួបពិភាក្សាការងារ ឯកឧត្តមប្រធានាធិបតីបារាំង Emmanuel MACRON នឹងជំនួបជាមួយសមាគមមិត្តភាពកម្ពុជា-ថៃ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ថៃ ជំនួបជាមួយប្រធានរដ្ឋបាលហុងកុងផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង